19. ពេលដែលសេះរបស់ស្ដេចផារ៉ោនរទេះចំបាំង និងកងទ័ពសេះ ចូលទៅក្នុងសមុទ្រ ព្រះអម្ចាស់បានធ្វើឲ្យទឹកសមុទ្រហូរមកវិញគ្របពីលើពួកគេ តែជនជាតិអ៊ីស្រាអែលដើរតាមបាតសមុទ្រ។
20. ពេលនោះ ព្យាការិនីម៉ារាម ដែលជាបងស្រីរបស់លោកអើរ៉ុន ក៏កាន់ក្រាប់ ហើយស្ត្រីៗទាំងអស់ក៏ចេញទៅតាមគាត់ ទាំងវាយក្រាប់ និងនាំគ្នារាំ។
21. លោកស្រីម៉ារាមបន្លឺសំឡេងច្រៀងថា៖«ចូរច្រៀងថ្វាយព្រះអម្ចាស់ព្រះអង្គមានជ័យជំនះដ៏ត្រចះត្រចង់ព្រះអង្គបានធ្វើឲ្យសេះនិងទាហានដែលជិះលើវាលិចលង់ទៅក្នុងសមុទ្រ!»។
22. លោកម៉ូសេនាំជនជាតិអ៊ីស្រាអែលចេញពីសមុទ្រកក់ ឆ្ពោះទៅវាលរហោស្ថានស៊ើរ។ ពួកគេធ្វើដំណើរអស់រយៈពេលបីថ្ងៃ ក្នុងវាលរហោស្ថាន ដោយឥតជួបប្រទះនឹងទឹកទាល់តែសោះ។
23. លុះមកដល់ប្រភពទឹកម៉ារ៉ា ពួកគេពុំអាចបរិភោគទឹកនោះបានទេ ពីព្រោះទឹកនៅម៉ារ៉ាមានរសជាតិល្វីង។ ហេតុនោះហើយបានជាគេហៅកន្លែងនោះថា “ម៉ារ៉ា”។
24. ប្រជាជននាំគ្នារអ៊ូរទាំដាក់លោកម៉ូសេថា៖ «តើពួកយើងបានអ្វីផឹក?»។
25. លោកម៉ូសេស្រែកអង្វរព្រះអម្ចាស់ ព្រះអង្គក៏បង្ហាញឈើមួយប្រភេទដល់លោក។ លោកម៉ូសេបោះឈើនោះទៅក្នុងទឹក ហើយគេក៏អាចបរិភោគទឹកបាន។ នៅទីនោះ ព្រះអម្ចាស់ប្រទានច្បាប់ និងវិន័យដល់ប្រជាជនអ៊ីស្រាអែល ហើយព្រះអង្គក៏បានល្បងលមើលពួកគេដែរ។
26. ព្រះអង្គមានព្រះបន្ទូលថា៖ «ប្រសិនបើអ្នករាល់គ្នាយកចិត្តទុកដាក់ស្ដាប់បង្គាប់យើង ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ហើយប្រព្រឹត្តតាមអ្វីៗដែលយើងយល់ថាត្រឹមត្រូវ ប្រសិនបើអ្នករាល់គ្នាត្រងត្រាប់ស្ដាប់បទបញ្ជា និងកាន់តាមច្បាប់ទាំងប៉ុន្មានរបស់យើង នោះយើងនឹងមិនធ្វើឲ្យអ្នករាល់គ្នាកើតជំងឺអ្វីមួយ ដូចយើងបានធ្វើចំពោះជនជាតិអេស៊ីបឡើយ ដ្បិតយើងជាព្រះអម្ចាស់ដែលប្រោសឲ្យអ្នករាល់គ្នាជា»។
27. ជនជាតិអ៊ីស្រាអែលបានមកដល់អេលីម។ នៅទីនោះ មានប្រភពទឹកចំនួនដប់ពីរ ព្រមទាំងមានលម៉ើចំនួនចិតសិបដើមទៀតផង។ ពួកគេក៏បោះជំរំនៅក្បែរមាត់ទឹក។