26. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរលើកដៃតម្រង់ទៅសមុទ្រ ឲ្យទឹកសមុទ្រវិលមកគ្របលើជនជាតិអេស៊ីប រទេះចំបាំង និងទ័ពសេះរបស់ពួកគេ»។
27. លោកម៉ូសេលើកដៃតម្រង់ទៅសមុទ្រ។ នៅពេលថ្ងៃរះ ទឹកសមុទ្រក៏ហូរត្រឡប់មកកន្លែងដើមវិញ។ ជនជាតិអេស៊ីបនាំគ្នារត់គេចមិនទាន់ ដ្បិតព្រះអម្ចាស់ធ្វើឲ្យពួកគេលិចលង់នៅកណ្ដាលសមុទ្រ។
28. ទឹកហូរត្រឡប់មកវិញ គ្របលើរទេះចំបាំង ទ័ពសេះ និងកងទ័ពទាំងមូលរបស់ព្រះចៅផារ៉ោន ដែលដេញតាមជនជាតិអ៊ីស្រាអែល គ្មាននរណាម្នាក់រត់រួចឡើយ។
29. ចំណែកឯជនជាតិអ៊ីស្រាអែលវិញ គេបានដើរតាមបាតសមុទ្រ ដោយមានទឹកសមុទ្រដូចកំពែងអមសងខាងពួកគេ។
30. នៅថ្ងៃនោះ ព្រះអម្ចាស់បានសង្គ្រោះជនជាតិអ៊ីស្រាអែល ឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិអេស៊ីប។ ជនជាតិអ៊ីស្រាអែលឃើញសាកសពជនជាតិអេស៊ីបនៅតាមឆ្នេរសមុទ្រ។
31. ជនជាតិអ៊ីស្រាអែលឃើញឫទ្ធិបារមីដ៏ខ្លាំងពូកែរបស់ព្រះអម្ចាស់ ដែលបានប្រហារជនជាតិអេស៊ីប។ ហេតុនេះហើយបានជាប្រជាជនកោតខ្លាចព្រះអម្ចាស់។ ពួកគេជឿលើព្រះអម្ចាស់ និងលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គ។