13. លោកម៉ូសេឆ្លើយទៅប្រជាជនវិញថា៖ «កុំភ័យខ្លាចអ្វីឡើយ! ចូរតាំងស្មារតីឡើង នៅថ្ងៃនេះ អ្នករាល់គ្នានឹងឃើញព្រះអម្ចាស់សង្គ្រោះអ្នករាល់គ្នា។ ជនជាតិអេស៊ីបដែលអ្នករាល់គ្នាឃើញនៅថ្ងៃនេះ អ្នករាល់គ្នានឹងលែងឃើញគេទៀតរហូតតទៅ។
14. ចូរនាំគ្នានៅស្ងៀមចុះ ដ្បិតព្រះអម្ចាស់នឹងច្បាំងជំនួសអ្នករាល់គ្នា»។
15. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ហេតុអ្វីបានជាស្រែកអង្វរយើងដូច្នេះ? ចូរប្រាប់កូនចៅអ៊ីស្រាអែលឲ្យចេញដំណើរទៅ។
16. ចូរលើកដំបងរបស់អ្នកឡើង ហើយលើកដៃតម្រង់ទៅសមុទ្រ រួចវាយទឹកសមុទ្រឲ្យញែកចេញពីគ្នា ដើម្បីឲ្យកូនចៅអ៊ីស្រាអែលដើរតាមបាតសមុទ្រ។
17. រីឯយើងវិញ យើងធ្វើឲ្យជនជាតិអេស៊ីបមានចិត្តរឹងចចេស ដេញតាមក្រោយអ្នករាល់គ្នា។ យើងនឹងសម្តែងសិរីរុងរឿងរបស់យើង ដោយប្រហារស្ដេចផារ៉ោន និងពលទ័ពទាំងមូល ព្រមទាំងកម្ទេចរទេះចំបាំង និងទ័ពសេះរបស់ស្ដេច។
18. នៅពេលយើងសម្តែងសិរីរុងរឿង ដោយប្រហារស្ដេចផារ៉ោន ព្រមទាំងកម្ទេចរទេះចំបាំង និងទ័ពសេះរបស់ស្ដេច នោះជនជាតិអេស៊ីបនឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់»។
19. ទេវតា*របស់ព្រះជាម្ចាស់ ដែលពីមុននៅខាងមុខជនជាតិអ៊ីស្រាអែល បានទៅនៅខាងក្រោយពួកគេ រីឯដុំពពក*ដែលនៅខាងមុខ ក៏ទៅនៅខាងក្រោយពួកគេដែរ។
20. ដុំពពកនោះស្ថិតនៅចន្លោះកងទ័ពអេស៊ីប និងកងទ័ពអ៊ីស្រាអែល។ ដុំពពកនោះធ្វើឲ្យងងឹតម្ខាង និងធ្វើឲ្យម្ខាងទៀតភ្លឺនៅពេលយប់។ ហេតុនេះហើយបានជាពេញមួយយប់ កងទ័ពទាំងពីរមិនបានចូលទៅជិតគ្នាឡើយ។
21. លោកម៉ូសេលើកដៃតម្រង់ទៅសមុទ្រ ពេញមួយយប់នោះ ព្រះអម្ចាស់ធ្វើឲ្យមានខ្យល់បក់ពីទិសខាងកើតយ៉ាងខ្លាំង រុញច្រានទឹកសមុទ្រ ធ្វើឲ្យទឹកសមុទ្ររីងស្ងួត។ ផ្ទៃទឹកក៏ញែកចេញពីគ្នា
22. ហើយជនជាតិអ៊ីស្រាអែលនាំគ្នាដើរតាមបាតសមុទ្រ ដោយមានទឹកសមុទ្រដូចកំពែងនៅសងខាងពួកគេ។