1. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
2. «ចូរប្រាប់ជនជាតិអ៊ីស្រាអែលឲ្យវិលមកបោះជំរំ នៅក្បែរពីហាហ៊ីរ៉ុត ដែលស្ថិតនៅចន្លោះមីគដូល និងសមុទ្រ។ អ្នករាល់គ្នាត្រូវបោះជំរំទល់មុខបាលសេផុន គឺនៅតាមឆ្នេរសមុទ្រ។
3. ស្ដេចផារ៉ោននឹងគិតថា អ្នករាល់គ្នាវង្វេងវិលវល់ក្នុងតំបន់នេះ មិនអាចចេញផុតពីវាលរហោស្ថានឡើយ។
4. យើងនឹងធ្វើឲ្យស្ដេចផារ៉ោនមានចិត្តមានះ ហើយដេញតាមអ្នករាល់គ្នា។ ប៉ុន្តែ ពេលនោះ យើងនឹងទទួលសិរីរុងរឿង ដោយវាយកម្ទេចស្ដេចផារ៉ោន និងកងទ័ពទាំងមូលរបស់គេ។ ដូច្នេះ ជនជាតិអេស៊ីបនឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់»។ ជនជាតិអ៊ីស្រាអែលក៏នាំគ្នាធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គ។
5. មានគេទូលស្ដេចស្រុកអេស៊ីបថា ប្រជាជនអ៊ីស្រាអែលនាំគ្នារត់បាត់អស់ហើយ។ ពេលនោះ ស្ដេច និងនាម៉ឺនមន្ត្រី ដូរគំនិតចំពោះប្រជាជនអ៊ីស្រាអែល ហើយនិយាយគ្នាថា៖ «ហេតុអ្វីបានជាពួកយើងបណ្ដោយឲ្យជនជាតិអ៊ីស្រាអែលចាកចេញទៅដូច្នេះ? តើបាននរណានៅបម្រើពួកយើង?»។
6. ព្រះចៅផារ៉ោនក៏ឲ្យគេទឹមរទេះ ហើយនាំកងទ័ពចេញដំណើរទៅជាមួយ។
7. ស្ដេចបានយករទេះចំបាំងទាំងអស់នៅស្រុកអេស៊ីបចេញទៅជាមួយ ក្នុងនោះមានរទេះដ៏មាំៗចំនួនប្រាំមួយរយគ្រឿង ដែលមាននាយទាហានជិះផង។