15. ពេលនោះ ស្ដេចផារ៉ោនមិនព្រមអនុញ្ញាតឲ្យពួកយើងចេញមកទេ។ ដូច្នេះ ព្រះអម្ចាស់បានប្រហារកូនច្បងទាំងអស់នៅស្រុកអេស៊ីប គឺទាំងកូនច្បងរបស់មនុស្ស ទាំងកូនដំបូងរបស់សត្វ។ ហេតុនេះហើយបានជាពួកយើងយកកូនឈ្មោលដំបូងទាំងអស់របស់សត្វបូជាថ្វាយព្រះអម្ចាស់ តែពួកយើងលោះកូនប្រុសច្បងរបស់ពួកយើងវិញ។
16. យញ្ញបូជានេះជាសេចក្ដីរំឭកមួយ ប្រៀបដូចសញ្ញាដែលមានចារទុកនៅលើដៃ និងនៅលើថ្ងាស ដ្បិតព្រះអម្ចាស់បានប្រើឫទ្ធិបារមីដ៏ខ្លាំងពូកែ នាំពួកយើងចេញពីស្រុកអេស៊ីប»។
17. ពេលព្រះចៅផារ៉ោនបើកឲ្យប្រជាជនអ៊ីស្រាអែលចាកចេញទៅនោះ ព្រះជាម្ចាស់ពុំបាននាំពួកគេតាមផ្លូវទៅស្រុកភីលីស្ទីនទេ ទោះបីផ្លូវនោះជាផ្លូវជិតក៏ដោយ ដ្បិតព្រះអង្គនឹកគិតថា ប្រសិនបើប្រជាជនជួបប្រទះនឹងសង្គ្រាម ពួកគេអាចដូរគំនិត ហើយចង់ត្រឡប់ទៅស្រុកអេស៊ីបវិញ។
18. ហេតុនេះ ព្រះអង្គនាំពួកគេទៅតាមផ្លូវវាង ឆ្លងកាត់វាលរហោស្ថានឆ្ពោះទៅសមុទ្រកក់។ ជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប ទាំងនាំរបស់របរគ្រប់យ៉ាងទៅជាមួយផង។
19. លោកម៉ូសេបានយកធាតុរបស់លោកយ៉ូសែបទៅជាមួយលោកដែរ ដ្បិតលោកយ៉ូសែបបានប្រាប់កូនចៅអ៊ីស្រាអែលថា «ព្រះជាម្ចាស់ប្រាកដជាមកជួយអ្នករាល់គ្នាមិនខាន ដូច្នេះ សុំស្បថនឹងខ្ញុំថា ពេលណាអ្នករាល់គ្នាចាកចេញពីទីនេះទៅ សុំយកធាតុរបស់ខ្ញុំចេញទៅជាមួយផង»។
20. ជនជាតិអ៊ីស្រាអែលចេញដំណើរពីក្រុងសិកូត ទៅបោះជំរំត្រង់អេថាម ដែលស្ថិតនៅជាយវាលរហោស្ថាន។
21. នៅពេលថ្ងៃ ព្រះអម្ចាស់នាំមុខពួកគេដោយដុំពពក* នៅពេលយប់ ព្រះអង្គនាំមុខពួកគេដោយដុំភ្លើង ដែលបំភ្លឺផ្លូវពួកគេ។ ដូច្នេះ ពួកគេអាចធ្វើដំណើរទាំងថ្ងៃ ទាំងយប់។
22. នៅពេលថ្ងៃ ដុំពពកមិនដែលឃ្លាតពីមុខប្រជាជនឡើយ ហើយនៅពេលយប់ ដុំភ្លើងស្ថិតនៅមុខពួកគេជានិច្ច។