1. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
2. «ត្រូវញែកកូនច្បងទាំងអស់ ទោះបីមនុស្ស ឬសត្វក្ដី ទុកជាសក្ការៈសម្រាប់យើង។ កូនដំបូងទាំងអស់នៃជនជាតិអ៊ីស្រាអែលជាកម្មសិទ្ធិរបស់យើង»។
3. លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ចូរអ្នករាល់គ្នានឹកចាំពីថ្ងៃនេះ គឺថ្ងៃដែលអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ជាកន្លែងដែលអ្នករាល់គ្នាជាប់ជាទាសករ។ ព្រះអម្ចាស់បានប្រើឫទ្ធិបារមីដ៏ខ្លាំងពូកែរបស់ព្រះអង្គ នាំអ្នករាល់គ្នាចេញពីស្រុកនោះមក។ ហេតុនេះ អ្នករាល់គ្នាមិនត្រូវបរិភោគនំប៉័ងមានមេទេ។
4. ថ្ងៃនេះ នៅក្នុងខែចេត្រ អ្នករាល់គ្នាចេញដំណើរ។
5. ពេលព្រះអម្ចាស់នាំអ្នករាល់គ្នាចូលទៅក្នុងទឹកដីរបស់ជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិហេវី និងជនជាតិយេប៊ូស ជាទឹកដីដ៏សម្បូណ៌សប្បាយ ដែលព្រះអង្គសន្យាជាមួយពួកបុព្វបុរសថា នឹងប្រទានឲ្យអ្នករាល់គ្នា នោះត្រូវនាំគ្នាគោរពបម្រើព្រះអម្ចាស់ ដោយធ្វើពិធីបុណ្យចម្លងក្នុងខែនេះ។
6. ក្នុងអំឡុងពេលប្រាំពីរថ្ងៃ អ្នករាល់គ្នាត្រូវបរិភោគនំប៉័ងឥតមេ ហើយនៅថ្ងៃទីប្រាំពីរ ចូរធ្វើពិធីបុណ្យមួយថ្វាយព្រះអម្ចាស់។
7. ក្នុងអំឡុងពេលប្រាំពីរថ្ងៃនោះ ត្រូវបរិភោគតែនំប៉័ងឥតមេ មិនត្រូវឲ្យមាននំប៉័ងមានមេស្ថិតនៅក្នុងផ្ទះរបស់អ្នក ហើយក៏មិនត្រូវមានមេនំប៉័ងនៅលើទឹកដីរបស់អ្នកដែរ។
8. នៅថ្ងៃបុណ្យនោះ អ្នករាល់គ្នាត្រូវរៀបរាប់ប្រាប់កូនចៅរបស់អ្នករាល់គ្នាថា: “ពួកយើងធ្វើបុណ្យនេះ ដ្បិតព្រះអម្ចាស់បានជួយពួកយើងឲ្យចាកចេញពីស្រុកអេស៊ីប”។
9. ពិធីបុណ្យនេះជាសេចក្ដីរំឭកមួយ ប្រៀបដូចសញ្ញាដែលមានចារទុកនៅលើដៃ និងនៅលើថ្ងាស ដើម្បីឲ្យអ្នករាល់គ្នាចងចាំ ហើយប្រកាសក្រឹត្យវិន័យរបស់ព្រះអម្ចាស់ ដ្បិតព្រះអង្គបានប្រើឫទ្ធិបារមីដ៏ខ្លាំងពូកែ នាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប។