43. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖ «ក្បួនតម្រាសម្រាប់ពិធីបុណ្យចម្លង*មានដូចតទៅ: ជនបរទេសគ្មានសិទ្ធិចូលរួមបរិភោគអាហារនៃពិធីបុណ្យចម្លងទេ។
44. ទាសករដែលអ្នករាល់គ្នាទិញមក អាចបរិភោគអាហារនៃបុណ្យនេះបាន លុះត្រាតែអ្នករាល់គ្នាធ្វើពិធីកាត់ស្បែក*ឲ្យជាមុនសិន។
45. សាសន៍ដទៃដែលមករស់នៅជាបណ្ដោះអាសន្នជាមួយអ្នករាល់គ្នា និងជនបរទេសដែលស៊ីឈ្នួលអ្នករាល់គ្នា ក៏គ្មានសិទ្ធិបរិភោគអាហារនៃពិធីបុណ្យនេះដែរ។
46. ត្រូវបរិភោគនៅក្នុងផ្ទះ គឺមិនត្រូវយកសាច់ចេញទៅក្រៅផ្ទះជាដាច់ខាត ហើយមិនត្រូវបំបាក់ឆ្អឹងសត្វឡើយ។
47. សហគមន៍អ៊ីស្រាអែលទាំងមូលត្រូវប្រារព្ធពិធីបុណ្យនេះ។