និក្ខមនំ 12:37-44 Khmer Standard Version (KHSV)

37. ជន‌ជាតិ​អ៊ីស្រា‌អែល​ធ្វើ​ដំណើរ​ពី​ក្រុង​រ៉ាម‌សែស​ទៅ​ក្រុង​សិកូត។ ពួក​គេ​មាន​ចំនួន​ប្រមាណ​ប្រាំ​មួយ​សែន​នាក់ ដោយ​មិន​រាប់​ក្មេងៗ​ទេ។

38. មាន​ប្រជា‌ជន​ដទៃ​ទៀត​ជា​ច្រើន​ចេញ​ដំណើរ​ទៅ​ជា​មួយ​ពួក​គេ​ដែរ ព្រម​ទាំង​មាន​ហ្វូង​ចៀម និង​ហ្វូង​គោ យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ទៀត​ផង។

39. ពួក​គេ​ប្រើ​ម្សៅ​មិន​ទាន់​ដោរ ដែល​គេ​បាន​យក​ពី​ស្រុក​អេស៊ីប​មក​នោះ ដុត​ជា​នំប៉័ង​ឥត​មេ ដ្បិត​ជន‌ជាតិ​អេស៊ីប​បាន​ដេញ​ពួក​គេ​ចេញ​មក​យ៉ាង​តក់‌ក្រហល់ គ្មាន​ពេល​នឹង​រៀបចំ​ស្បៀង សម្រាប់​បរិភោគ​តាម​ផ្លូវ​ឡើយ។

40. ជន‌ជាតិ​អ៊ីស្រា‌អែល​ស្នាក់​នៅ​ស្រុក​អេស៊ីប អស់​រយៈ​ពេល​បួន​រយ​សាម‌សិប​ឆ្នាំ។

41. លុះ​ផុត​រយៈ​ពេល​បួន​រយ​សាម‌សិប​ឆ្នាំ​ហើយ នៅ​ពេល​កំណត់​នេះ ប្រជា‌ជន​ទាំង​មូល​របស់​ព្រះ‌អម្ចាស់​ក៏​នាំ​គ្នា​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។

42. នៅ​យប់​នោះ ជន‌ជាតិ​អ៊ីស្រា‌អែល​គ្រប់​ដំណ​ត​រៀង​ទៅ ត្រូវ​តែ​ចាំ​យាម ដើម្បី​នឹក​គុណ​ព្រះ‌អម្ចាស់​ដែល​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប។

43. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖ «ក្បួន​តម្រា​សម្រាប់​ពិធី​បុណ្យ​ចម្លង*​មាន​ដូច​ត​ទៅ: ជន​បរទេស​គ្មាន​សិទ្ធិ​ចូល​រួម​បរិភោគ​អាហារ​នៃ​ពិធី​បុណ្យ​ចម្លង​ទេ។

44. ទាសករ​ដែល​អ្នក​រាល់​គ្នា​ទិញ​មក អាច​បរិភោគ​អាហារ​នៃ​បុណ្យ​នេះ​បាន លុះ​ត្រា​តែ​អ្នក​រាល់​គ្នា​ធ្វើ​ពិធី​កាត់​ស្បែក*​ឲ្យ​ជា​មុន​សិន។

និក្ខមនំ 12