36. ព្រះអម្ចាស់បានធ្វើឲ្យជនជាតិអេស៊ីប អនុគ្រោះដល់ប្រជាជនអ៊ីស្រាអែល ដោយប្រគល់នូវអ្វីៗដែលពួកគេសុំ។ ដូច្នេះ ជនជាតិអ៊ីស្រាអែលបានរឹបអូសយកទ្រព្យសម្បត្តិពីជនជាតិអេស៊ីប។
37. ជនជាតិអ៊ីស្រាអែលធ្វើដំណើរពីក្រុងរ៉ាមសែសទៅក្រុងសិកូត។ ពួកគេមានចំនួនប្រមាណប្រាំមួយសែននាក់ ដោយមិនរាប់ក្មេងៗទេ។
38. មានប្រជាជនដទៃទៀតជាច្រើនចេញដំណើរទៅជាមួយពួកគេដែរ ព្រមទាំងមានហ្វូងចៀម និងហ្វូងគោ យ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតផង។
39. ពួកគេប្រើម្សៅមិនទាន់ដោរ ដែលគេបានយកពីស្រុកអេស៊ីបមកនោះ ដុតជានំប៉័ងឥតមេ ដ្បិតជនជាតិអេស៊ីបបានដេញពួកគេចេញមកយ៉ាងតក់ក្រហល់ គ្មានពេលនឹងរៀបចំស្បៀង សម្រាប់បរិភោគតាមផ្លូវឡើយ។
40. ជនជាតិអ៊ីស្រាអែលស្នាក់នៅស្រុកអេស៊ីប អស់រយៈពេលបួនរយសាមសិបឆ្នាំ។
41. លុះផុតរយៈពេលបួនរយសាមសិបឆ្នាំហើយ នៅពេលកំណត់នេះ ប្រជាជនទាំងមូលរបស់ព្រះអម្ចាស់ក៏នាំគ្នាចាកចេញពីស្រុកអេស៊ីប។
42. នៅយប់នោះ ជនជាតិអ៊ីស្រាអែលគ្រប់ដំណតរៀងទៅ ត្រូវតែចាំយាម ដើម្បីនឹកគុណព្រះអម្ចាស់ដែលបាននាំពួកគេចេញពីស្រុកអេស៊ីប។
43. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖ «ក្បួនតម្រាសម្រាប់ពិធីបុណ្យចម្លង*មានដូចតទៅ: ជនបរទេសគ្មានសិទ្ធិចូលរួមបរិភោគអាហារនៃពិធីបុណ្យចម្លងទេ។
44. ទាសករដែលអ្នករាល់គ្នាទិញមក អាចបរិភោគអាហារនៃបុណ្យនេះបាន លុះត្រាតែអ្នករាល់គ្នាធ្វើពិធីកាត់ស្បែក*ឲ្យជាមុនសិន។
45. សាសន៍ដទៃដែលមករស់នៅជាបណ្ដោះអាសន្នជាមួយអ្នករាល់គ្នា និងជនបរទេសដែលស៊ីឈ្នួលអ្នករាល់គ្នា ក៏គ្មានសិទ្ធិបរិភោគអាហារនៃពិធីបុណ្យនេះដែរ។
46. ត្រូវបរិភោគនៅក្នុងផ្ទះ គឺមិនត្រូវយកសាច់ចេញទៅក្រៅផ្ទះជាដាច់ខាត ហើយមិនត្រូវបំបាក់ឆ្អឹងសត្វឡើយ។
47. សហគមន៍អ៊ីស្រាអែលទាំងមូលត្រូវប្រារព្ធពិធីបុណ្យនេះ។