5. កូនច្បងទាំងអស់នៃស្រុកអេស៊ីបនឹងត្រូវស្លាប់ គឺចាប់ពីបុត្រច្បងរបស់ស្ដេចផារ៉ោន ដែលត្រូវឡើងសោយរាជ្យ រហូតដល់កូនប្រុសច្បងរបស់ទាសី ដែលជាអ្នកកិនស្រូវ ព្រមទាំងកូនដំបូងនៃហ្វូងសត្វទៀតផង។
6. ពេលនោះ ក្នុងស្រុកអេស៊ីបទាំងមូល គេនឹងឮសូរសម្រែកទ្រហោយំ។ តាំងពីដើមរៀងមកមិនធ្លាប់មានដូច្នេះទេ ហើយទៅមុខទៀតក៏គ្មានដែរ។
7. ប៉ុន្តែ ក្នុងចំណោមជនជាតិអ៊ីស្រាអែលវិញ គេមិនឮសំឡេងអ្វីឡើយ សូម្បីឆ្កែក៏មិនឮព្រុសដាក់មនុស្ស ឬសត្វណាមួយផង។ ដូច្នេះ អ្នករាល់គ្នានឹងដឹងថា ព្រះអម្ចាស់មិនធ្វើទោសជនជាតិអ៊ីស្រាអែល ដូចព្រះអង្គធ្វើទោសជនជាតិអេស៊ីបឡើយ”។
8. ពេលនោះ នាម៉ឺនមន្ត្រីទាំងអស់របស់ព្រះករុណានឹងមកក្រាបចុះនៅមុខទូលបង្គំ ហើយពោលថា “សូមលោក និងប្រជាជនរបស់លោកអញ្ជើញទៅចុះ!” ទូលបង្គំនឹងចាកចេញទៅ»។ លោកម៉ូសេចាកចេញពីព្រះចៅផារ៉ោនទៅ ទាំងក្ដៅក្រហាយ។
9. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេទៀតថា៖ «ស្ដេចផារ៉ោននឹងមិនស្ដាប់អ្នករាល់គ្នាទេ ដូច្នេះ យើងនឹងសម្តែងឫទ្ធិបាដិហារិយ៍កាន់តែច្រើនឡើងៗក្នុងស្រុកអេស៊ីប»។
10. លោកម៉ូសេ និងលោកអើរ៉ុន បានសម្តែងឫទ្ធិបាដិហារិយ៍ទាំងនោះនៅមុខព្រះចៅផារ៉ោន តែព្រះអម្ចាស់បានធ្វើឲ្យស្ដេចមានព្រះហឫទ័យមានះ មិនព្រមបើកឲ្យកូនចៅអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីបឡើយ។