9. លោកម៉ូសេទូលថា៖ «យើងខ្ញុំនឹងទៅ ទាំងក្មេង ទាំងចាស់ ទាំងកូនប្រុស និងកូនស្រី ព្រមទាំងហ្វូងចៀម និងហ្វូងគោរបស់យើងខ្ញុំផង ដ្បិតយើងខ្ញុំនឹងចេញទៅធ្វើបុណ្យថ្វាយព្រះអម្ចាស់»។
10. ស្ដេចមានរាជឱង្ការថា៖ «យើងសូមស្បថក្នុងនាមព្រះអម្ចាស់ថា យើងមិនបើកឲ្យអ្នករាល់គ្នានាំគ្រួសារចេញទៅជាមួយឡើយ ព្រោះយើងដឹងថា អ្នករាល់គ្នាមានគំនិតអាក្រក់។
11. ទេ មិនកើតទេ! ទុកឲ្យតែប្រុសៗ ចេញទៅគោរពបម្រើព្រះអម្ចាស់ប៉ុណ្ណោះបានហើយ ដ្បិតអ្នករាល់គ្នាបានសុំដូច្នេះ»។ បន្ទាប់មក គេក៏ដេញលោកទាំងពីរចេញពីព្រះចៅផារ៉ោន។
12. ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរលាតដៃរបស់អ្នកលើស្រុកអេស៊ីប ដើម្បីនាំហ្វូងកណ្ដូបមកលើស្រុកនេះ ហើយវានឹងស៊ីអ្វីៗទាំងអស់ ដែលនៅសេសសល់ពីព្រឹល»។
13. លោកម៉ូសេលើកដំបងរបស់លោកទៅលើស្រុកអេស៊ីប ហើយព្រះអម្ចាស់ក៏ធ្វើឲ្យមានខ្យល់ពីទិសខាងកើតបក់មកលើស្រុកអេស៊ីប អស់មួយថ្ងៃមួយយប់។ លុះព្រឹកឡើង ខ្យល់ពីទិសខាងកើតនាំហ្វូងកណ្ដូបមក។
14. ហ្វូងកណ្ដូបហើរចូលមកស្រុកអេស៊ីបទាំងមូល ហើយទំពាសពេញលើដែនដី។ វាមានចំនួនច្រើនឥតគណនា តាំងពីដើមរៀងមក គេមិនដែលជួបប្រទះដូច្នេះទេ ហើយតទៅមុខទៀត ក៏នឹងគ្មានបែបនេះដែរ។
15. វាទំពាសពេញផ្ទៃដីទាំងមូល ធ្វើឲ្យផ្ទៃដីខ្មៅងងឹត។ វាស៊ីបង្ហិនអ្វីៗទាំងអស់ និងផ្លែឈើទាំងប៉ុន្មានដែលនៅសេសសល់ពីព្រឹល។ ក្នុងស្រុកអេស៊ីបទាំងមូលគ្មានសល់ស្លឹកឈើ ឬស្មៅ នៅតាមវាលឡើយ។
16. ពេលនោះ ព្រះចៅផារ៉ោនក៏ប្រញាប់ហៅលោកម៉ូសេ និងលោកអើរ៉ុនមក ហើយមានរាជឱង្ការថា៖ «យើងបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ហើយយើងក៏បានប្រព្រឹត្តខុសនឹងអ្នកទាំងពីរដែរ។
17. ឥឡូវនេះ សុំអត់ទោសឲ្យយើងម្ដងទៀតចុះ ហើយទូលអង្វរព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា សូមទ្រង់ដកគ្រោះកាចដ៏សាហាវនេះ ចេញពីយើងទៅ»។
18. លោកម៉ូសេចាកចេញពីព្រះចៅផារ៉ោន ហើយទូលអង្វរព្រះអម្ចាស់។
19. ព្រះអម្ចាស់ធ្វើឲ្យមានខ្យល់យ៉ាងខ្លាំង បក់មកពីទិសខាងលិច នាំហ្វូងកណ្ដូបទាំងប៉ុន្មាន ទម្លាក់ក្នុងសមុទ្រកក់អស់ទៅ ដោយពុំទុកឲ្យមានសល់កណ្ដូបណាមួយនៅលើទឹកដីអេស៊ីបឡើយ។
20. ប៉ុន្តែ ព្រះអម្ចាស់ធ្វើឲ្យព្រះចៅផារ៉ោនមានព្រះហឫទ័យមានះ ស្ដេចមិនបើកឲ្យជនជាតិអ៊ីស្រាអែលចាកចេញទៅទេ។
21. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរលើកដៃទៅលើមេឃ នោះនឹងមានភាពងងឹតអន្ធការគ្របដណ្ដប់លើស្រុកអេស៊ីប គឺភាពងងឹតសូន្យសុង មើលអ្វីមិនឃើញឡើយ»។