1. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរទៅជួបស្ដេចផារ៉ោន ដ្បិតយើងបានធ្វើឲ្យស្ដេច និងនាម៉ឺនមន្ត្រីមានចិត្តមានះ ដើម្បីសម្តែងទីសម្គាល់ដ៏អស្ចារ្យនៅក្នុងចំណោមពួកគេ។
2. ដូច្នេះ អ្នកអាចតំណាលប្រាប់កូន និងចៅ នៅជំនាន់ក្រោយថា យើងបានប្រព្រឹត្តចំពោះជនជាតិអេស៊ីបរបៀបណា ហើយយើងបានសម្តែងទីសម្គាល់ដ៏អស្ចារ្យអ្វីខ្លះ នៅក្នុងចំណោមពួកគេ។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់»។
3. លោកម៉ូសេ និងលោកអើរ៉ុនទៅគាល់ព្រះចៅផារ៉ោន ហើយទូលថា៖ «ព្រះអម្ចាស់ជាព្រះរបស់ជនជាតិហេប្រឺ មានព្រះបន្ទូលដូចតទៅ: “តើអ្នកមិនព្រមដាក់ខ្លួននៅចំពោះមុខយើងដូច្នេះ ដល់កាលណាទៀត? ចូរបើកឲ្យប្រជារាស្ត្ររបស់យើងចេញទៅគោរពបម្រើយើង។
4. បើអ្នកមិនព្រមបើកឲ្យប្រជារាស្ត្ររបស់យើងចេញទៅទេ ថ្ងៃស្អែក យើងនឹងប្រើហ្វូងកណ្ដូបឲ្យចូលមករាតត្បាតដែនដីរបស់អ្នក។
5. វានឹងមកទំពាសពេញក្នុងស្រុក រហូតដល់មើលដីលែងឃើញទៀត។ វានឹងស៊ីផលដំណាំដែលនៅសេសសល់ពីព្រឹល វានឹងស៊ីបង្ហិនដើមឈើទាំងប៉ុន្មានរបស់អ្នករាល់គ្នា ដែលដុះនៅតាមទីវាល។
6. វានឹងចូលពេញក្នុងវាំងរបស់អ្នក ព្រមទាំងក្នុងផ្ទះរបស់ពួកនាម៉ឺនមន្ត្រីទាំងអស់ និងផ្ទះរបស់ជនជាតិអេស៊ីបទាំងអស់ទៀតផង។ តាំងពីដូនតារបស់អ្នករហូតមកទល់សព្វថ្ងៃ មិនដែលមាននរណាជួបប្រទះហេតុការណ៍បែបនេះឡើយ”»។ បន្ទាប់មក លោកម៉ូសេចាកចេញពីព្រះចៅផារ៉ោន។
7. ពួកនាម៉ឺនមន្ត្រីទាំងប៉ុន្មានទូលស្ដេចថា៖ «តើជននេះធ្វើឲ្យយើងរងទុក្ខលំបាកដល់កាលណាទៀត? សូមព្រះករុណាបើកឲ្យពួកគេចេញទៅគោរពបម្រើព្រះអម្ចាស់ជាព្រះរបស់ពួកគេទៅ តើព្រះករុណាមិនទាន់ជ្រាបថា ស្រុកអេស៊ីបកំពុងតែវិនាសទេឬ?»។
8. គេនាំលោកម៉ូសេ និងលោកអើរ៉ុន មកគាល់ព្រះចៅផារ៉ោន ហើយស្ដេចក៏មានរាជឱង្ការថា៖ «ចូរនាំគ្នាទៅគោរពបម្រើព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាចុះ! ប៉ុន្តែ តើអ្នកណាខ្លះត្រូវចេញទៅ?»។
9. លោកម៉ូសេទូលថា៖ «យើងខ្ញុំនឹងទៅ ទាំងក្មេង ទាំងចាស់ ទាំងកូនប្រុស និងកូនស្រី ព្រមទាំងហ្វូងចៀម និងហ្វូងគោរបស់យើងខ្ញុំផង ដ្បិតយើងខ្ញុំនឹងចេញទៅធ្វើបុណ្យថ្វាយព្រះអម្ចាស់»។