8. មានស្ដេចថ្មីមួយអង្គឡើងគ្រងរាជ្យនៅស្រុកអេស៊ីប។ ស្ដេចនោះមិនបានស្គាល់លោកយ៉ូសែបទេ។
9. ស្ដេចមានរាជឱង្ការទៅកាន់ប្រជាជនអេស៊ីបថា៖ «ឥឡូវនេះ ជនជាតិអ៊ីស្រាអែលមានគ្នាច្រើន និងមានកម្លាំងជាងពួកយើង។
10. ដូច្នេះ យើងត្រូវមានវិធានការទប់ស្កាត់ពួកគេ កុំឲ្យកើនចំនួនច្រើនឡើងទៀត។ បើមិនដូច្នោះទេ ពេលណាកើតសង្គ្រាម ពួកគេមុខជាចូលដៃជាមួយខ្មាំងសត្រូវ ដើម្បីវាយយើង ហើយនាំគ្នារត់ចេញពីស្រុក»។
11. ជនជាតិអេស៊ីបបានតែងតាំងមេត្រួតត្រាលើជនជាតិអ៊ីស្រាអែល ដើម្បីបង្ខំពួកគេឲ្យធ្វើការជាទម្ងន់។ ជនជាតិអ៊ីស្រាអែលសង់ក្រុងពីថំ និងក្រុងរ៉ាមសេស សម្រាប់ដាក់ភោគទ្រព្យរបស់ព្រះចៅផារ៉ោន។
12. ប៉ុន្តែ ជនជាតិអេស៊ីបសង្កត់សង្កិនជនជាតិអ៊ីស្រាអែលរឹតតែខ្លាំងយ៉ាងណា ជនជាតិអ៊ីស្រាអែលកើនចំនួនរឹតតែច្រើនឡើង ហើយរស់នៅពាសពេញស្រុកយ៉ាងនោះដែរ ជាហេតុបណ្ដាលឲ្យជនជាតិអេស៊ីបភ័យខ្លាច។
13. ពេលនោះ ជនជាតិអេស៊ីបចាត់ទុកជនជាតិអ៊ីស្រាអែលជាទាសករ ហើយបង្ខិតបង្ខំឲ្យធ្វើការយ៉ាងធ្ងន់ធ្ងរ។
14. គេធ្វើឲ្យជនជាតិអ៊ីស្រាអែលវេទនាខ្លោចផ្សា គឺប្រើឲ្យជាន់ដីឥដ្ឋ ធ្វើដុំឥដ្ឋ និងធ្វើការគ្រប់មុខនៅតាមស្រែចម្ការ ពោលគឺប្រើឲ្យធ្វើការងារដ៏ធ្ងន់ធ្ងរគ្រប់យ៉ាង។
15. ស្ដេចស្រុកអេស៊ីបបញ្ជាទៅឆ្មបពីរនាក់ ម្នាក់ឈ្មោះនាងស៊ីប្រា ម្នាក់ឈ្មោះនាងពូអា ដែលជួយស្ត្រីហេប្រឺថា៖
16. «កាលណាអ្នកបង្កើតកូនឲ្យស្ត្រីហេប្រឺ ចូរពិនិត្យមើលកូនដែលកើតមកនោះ ប្រសិនបើជាកូនប្រុស ត្រូវសម្លាប់ចោល ប្រសិនបើជាកូនស្រី ចូរទុកឲ្យវារស់ចុះ»។
17. ប៉ុន្តែ ឆ្មបទាំងពីរនាក់នោះគោរពកោតខ្លាចព្រះជាម្ចាស់ គាត់មិនបានធ្វើតាមបញ្ជារបស់ស្ដេចស្រុកអេស៊ីបទេ គឺគាត់ទុកឲ្យកូនប្រុសៗនៅរស់ដែរ។
18. ស្ដេចស្រុកអេស៊ីបក៏កោះហៅឆ្មបទាំងពីរនាក់មក ហើយមានរាជឱង្ការថា៖ «ហេតុអ្វីបានជាអ្នកធ្វើដូច្នេះ ម្ដេចក៏ទុកឲ្យកូនប្រុសៗនៅរស់?»។
19. ឆ្មបទាំងពីរទូលព្រះចៅផារ៉ោនថា៖ «ស្ត្រីជាតិហេប្រឺមិនដូចស្ត្រីជាតិអេស៊ីបទេ ស្ត្រីទាំងនោះរឹងប៉ឹងណាស់ គឺមុនឆ្មបទៅដល់ នាងសម្រាលកូនរួចស្រេចទៅហើយ»។