3. អ៊ីសាខារ សាប់យូឡូន បេនយ៉ាមីន
4. ដាន់ ណែបថាលី កាដ និងអេស៊ើរ។
5. ពូជពង្សរបស់លោកយ៉ាកុបមានចំនួនទាំងអស់ចិតសិបនាក់។ រីឯលោកយ៉ូសែបរស់នៅក្នុងស្រុកអេស៊ីបស្រាប់ហើយ។
6. ក្រោយមក លោកយ៉ូសែប និងបងប្អូនរបស់លោក ព្រមទាំងកូនចៅរបស់លោកយ៉ាកុបមួយជំនាន់នោះបានស្លាប់អស់ទៅ។
7. ជនជាតិអ៊ីស្រាអែលបង្កើតកូនចៅបន្តពូជពង្សកើនចំនួនច្រើនសន្ធឹកសន្ធាប់ មានកម្លាំងកាន់តែខ្លាំងឡើងៗ ហើយរស់នៅពាសពេញក្នុងស្រុកអេស៊ីប។
8. មានស្ដេចថ្មីមួយអង្គឡើងគ្រងរាជ្យនៅស្រុកអេស៊ីប។ ស្ដេចនោះមិនបានស្គាល់លោកយ៉ូសែបទេ។
9. ស្ដេចមានរាជឱង្ការទៅកាន់ប្រជាជនអេស៊ីបថា៖ «ឥឡូវនេះ ជនជាតិអ៊ីស្រាអែលមានគ្នាច្រើន និងមានកម្លាំងជាងពួកយើង។
10. ដូច្នេះ យើងត្រូវមានវិធានការទប់ស្កាត់ពួកគេ កុំឲ្យកើនចំនួនច្រើនឡើងទៀត។ បើមិនដូច្នោះទេ ពេលណាកើតសង្គ្រាម ពួកគេមុខជាចូលដៃជាមួយខ្មាំងសត្រូវ ដើម្បីវាយយើង ហើយនាំគ្នារត់ចេញពីស្រុក»។
11. ជនជាតិអេស៊ីបបានតែងតាំងមេត្រួតត្រាលើជនជាតិអ៊ីស្រាអែល ដើម្បីបង្ខំពួកគេឲ្យធ្វើការជាទម្ងន់។ ជនជាតិអ៊ីស្រាអែលសង់ក្រុងពីថំ និងក្រុងរ៉ាមសេស សម្រាប់ដាក់ភោគទ្រព្យរបស់ព្រះចៅផារ៉ោន។
12. ប៉ុន្តែ ជនជាតិអេស៊ីបសង្កត់សង្កិនជនជាតិអ៊ីស្រាអែលរឹតតែខ្លាំងយ៉ាងណា ជនជាតិអ៊ីស្រាអែលកើនចំនួនរឹតតែច្រើនឡើង ហើយរស់នៅពាសពេញស្រុកយ៉ាងនោះដែរ ជាហេតុបណ្ដាលឲ្យជនជាតិអេស៊ីបភ័យខ្លាច។
13. ពេលនោះ ជនជាតិអេស៊ីបចាត់ទុកជនជាតិអ៊ីស្រាអែលជាទាសករ ហើយបង្ខិតបង្ខំឲ្យធ្វើការយ៉ាងធ្ងន់ធ្ងរ។