នាង​អេសធើរ 9:3-12 Khmer Standard Version (KHSV)

3. មេ​ដឹក​នាំ​អាណា‌ខេត្ត ពួក​មេ‌ទ័ព ពួក​ទេសា‌ភិបាល និង​ពួក​រាជការ​ទាំង​អស់​បាន​គាំទ្រ​ជន‌ជាតិ​យូដា ព្រោះ​ពួក​គេ​ភ័យ​ខ្លាច​លោក​ម៉ាដេ‌កាយ​គ្រប់ៗ​គ្នា

4. ដ្បិត​លោក​ម៉ាដេ‌កាយ​ទទួល​តំណែង​ជា​មហា​មន្ត្រី​នៅ​ក្នុង​រាជ‌វាំង។ កិត្តិនាម​របស់​លោក​បាន​ល្បី​ខ្ចរ‌ខ្ចាយ​ពាស‌ពេញ​ក្នុង​អាណា‌ខេត្ត​ទាំង​អស់ ហើយ​លោក​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ។

5. ជន‌ជាតិ​យូដា​បាន​ប្រហារ​ជីវិត​ខ្មាំង​សត្រូវ​របស់​ខ្លួន​ដោយ​មុខ​ដាវ។ ពួក​គេ​កាប់​សម្លាប់ និង​ប្រព្រឹត្ត​ចំពោះ​ខ្មាំង​សត្រូវ តាម​អំពើ​ចិត្ត​របស់​ខ្លួន។

6. គ្រាន់​តែ​នៅ​ក្រុង​ស៊ូសាន ជន‌ជាតិ​យូដា​បាន​ប្រហារ​ជីវិត​សត្រូវ​អស់​ប្រាំ​រយ​នាក់។

7. ពួក​គេ​ក៏​បាន​ប្រហារ​ជីវិត​ផើសាន‌ដាថា ដាល‌ផូន អ័ស‌ផាថា

8. ផូរ៉ា‌ថា អដា‌លា អើរី‌ដាថា

9. ផើម៉ាស‌ថា អើរី‌សាយ អរី‌ដាយ និង​វ៉ាយេ‌សាថា

10. ជា​កូន​ប្រុស​ទាំង​ដប់​នាក់​របស់​លោក​ហាម៉ាន ដែល​ត្រូវ​ជា​កូន​របស់​លោក​ហាំម្ដា‌ថា ជា​បច្ចា‌មិត្ត​របស់​ជន‌ជាតិ​យូដា។ ប៉ុន្តែ ជន‌ជាតិ​យូដា​ពុំ​បាន​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​របស់​ពួក​គេ​ទេ។

11. នៅ​ថ្ងៃ​ដដែល​នោះ ព្រះ‌រាជា​ជ្រាប​ដំណឹង​អំពី​ចំនួន​អស់​អ្នក ដែល​ជន‌ជាតិ​យូដា​បាន​សម្លាប់​នៅ​ក្រុង​ស៊ូសាន ជា​រាជ​ធានី។

12. ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌មហា‌ក្សត្រិ‌យានី​អេសធើរ​ថា៖ «គ្រាន់​តែ​នៅ​ក្នុង​ក្រុង​ស៊ូសាន​ជា​រាជ​ធានី ជន‌ជាតិ​យូដា​បាន​សម្លាប់​មនុស្ស​ដល់​ទៅ​ប្រាំ​រយ​នាក់ ព្រម​ទាំង​កូន​ប្រុស​របស់​លោក​ហាម៉ាន ទាំង​ដប់​នាក់។ ដូច្នេះ ក្នុង​អាណា‌ខេត្ត​ទាំង​មូល​មិន​ដឹង​ជា​ពួក​គេ​សម្លាប់​អស់​ប៉ុន្មាន​នាក់​ទេ។ ប៉ុន្តែ តើ​ព្រះ‌នាង​ចង់​បាន​អ្វី​ទៀត យើង​នឹង​ប្រទាន​តាម​សំណូម​ពរ​ទាំង​អស់ ព្រះ‌នាង​សុំ​អ្វី​ក៏​យើង​ប្រទាន​ឲ្យ​ដែរ»។

នាង​អេសធើរ 9