1. នៅថ្ងៃទីដប់នៃខែទីដប់ពីរ ត្រូវនឹងខែផល្គុន គឺជាថ្ងៃដែលរាជបញ្ជា និងរាជក្រឹត្យ ត្រូវអនុវត្តជាធរមាន។ ថ្ងៃដែលខ្មាំងសត្រូវរបស់ជនជាតិយូដាសង្ឃឹមថា កិនកម្ទេចជនជាតិយូដានោះ បានប្រែក្លាយទៅជាថ្ងៃ ដែលជនជាតិយូដាកិនកម្ទេចខ្មាំងសត្រូវរបស់ខ្លួនទៅវិញ។
2. នៅតាមក្រុងនានា ក្នុងអាណាខេត្តទាំងអស់របស់ព្រះចៅអហាស៊ូរុស ជនជាតិយូដាប្រមូលផ្ដុំគ្នាដើម្បីសងសឹកអស់អ្នកដែលមានបំណងធ្វើបាបពួកគេ។ គ្មាននរណាអាចតទល់នឹងជនជាតិយូដាបានឡើយ ដ្បិតជាតិសាសន៍ទាំងឡាយភ័យខ្លាចជនជាតិយូដាគ្រប់ៗគ្នា។
3. មេដឹកនាំអាណាខេត្ត ពួកមេទ័ព ពួកទេសាភិបាល និងពួករាជការទាំងអស់បានគាំទ្រជនជាតិយូដា ព្រោះពួកគេភ័យខ្លាចលោកម៉ាដេកាយគ្រប់ៗគ្នា
4. ដ្បិតលោកម៉ាដេកាយទទួលតំណែងជាមហាមន្ត្រីនៅក្នុងរាជវាំង។ កិត្តិនាមរបស់លោកបានល្បីខ្ចរខ្ចាយពាសពេញក្នុងអាណាខេត្តទាំងអស់ ហើយលោកមានអំណាចកាន់តែខ្លាំងឡើងៗ។
5. ជនជាតិយូដាបានប្រហារជីវិតខ្មាំងសត្រូវរបស់ខ្លួនដោយមុខដាវ។ ពួកគេកាប់សម្លាប់ និងប្រព្រឹត្តចំពោះខ្មាំងសត្រូវ តាមអំពើចិត្តរបស់ខ្លួន។
6. គ្រាន់តែនៅក្រុងស៊ូសាន ជនជាតិយូដាបានប្រហារជីវិតសត្រូវអស់ប្រាំរយនាក់។
7. ពួកគេក៏បានប្រហារជីវិតផើសានដាថា ដាលផូន អ័សផាថា
8. ផូរ៉ាថា អដាលា អើរីដាថា
9. ផើម៉ាសថា អើរីសាយ អរីដាយ និងវ៉ាយេសាថា
10. ជាកូនប្រុសទាំងដប់នាក់របស់លោកហាម៉ាន ដែលត្រូវជាកូនរបស់លោកហាំម្ដាថា ជាបច្ចាមិត្តរបស់ជនជាតិយូដា។ ប៉ុន្តែ ជនជាតិយូដាពុំបានរឹបអូសយកទ្រព្យសម្បត្តិរបស់ពួកគេទេ។
11. នៅថ្ងៃដដែលនោះ ព្រះរាជាជ្រាបដំណឹងអំពីចំនួនអស់អ្នក ដែលជនជាតិយូដាបានសម្លាប់នៅក្រុងស៊ូសាន ជារាជធានី។
12. ព្រះរាជាមានរាជឱង្ការទៅកាន់ព្រះមហាក្សត្រិយានីអេសធើរថា៖ «គ្រាន់តែនៅក្នុងក្រុងស៊ូសានជារាជធានី ជនជាតិយូដាបានសម្លាប់មនុស្សដល់ទៅប្រាំរយនាក់ ព្រមទាំងកូនប្រុសរបស់លោកហាម៉ាន ទាំងដប់នាក់។ ដូច្នេះ ក្នុងអាណាខេត្តទាំងមូលមិនដឹងជាពួកគេសម្លាប់អស់ប៉ុន្មាននាក់ទេ។ ប៉ុន្តែ តើព្រះនាងចង់បានអ្វីទៀត យើងនឹងប្រទានតាមសំណូមពរទាំងអស់ ព្រះនាងសុំអ្វីក៏យើងប្រទានឲ្យដែរ»។
13. ព្រះនាងអេសធើរទូលស្ដេចថា៖ «ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ នៅថ្ងៃស្អែក សូមព្រះករុណាអនុញ្ញាតឲ្យជនជាតិយូដាប្រព្រឹត្ត ដូចថ្ងៃនេះនៅក្រុងស៊ូសានដែរ។ សូមឲ្យគេយកសពកូនប្រុសទាំងដប់នាក់របស់លោកហាម៉ាន ទៅព្យួរលើបង្គោលនោះផង»។
14. ព្រះរាជាក៏អនុញ្ញាតឲ្យ ហើយគេប្រកាសរាជក្រឹត្យនៅក្រុងស៊ូសាន។ គេយកសពកូនប្រុសទាំងដប់នាក់របស់លោកហាម៉ានទៅព្យួរ។
15. ជនជាតិយូដាបានជួបជុំគ្នាក្នុងក្រុងស៊ូសាន នៅថ្ងៃទីដប់បួន ក្នុងខែផល្គុនដែរ ហើយប្រហារជីវិតមនុស្សបីរយនាក់ទៀត តែមិនរឹបអូសយកទ្រព្យសម្បត្តិរបស់ពួកគេទេ។