4. ព្រះរាជាមានរាជឱង្ការសួរថា៖ «នរណាដើរនៅក្នុងសាលរាជដំណាក់?»។ ពេលនោះ លោកហាម៉ានចូលមកដល់សាលខាងក្រៅដំណាក់របស់ព្រះរាជា ដើម្បីទូលសូមស្ដេចព្យួរ-ក លោកម៉ាដេកាយ នៅលើបង្គោលដែលលោកបានដំឡើង។
5. ពួករាជបម្រើទូលស្ដេចថា៖ «គឺលោកហាម៉ានឈរនៅក្នុងសាល»។ ព្រះរាជាមានរាជឱង្ការថា៖ «ឲ្យលោកចូលមកចុះ!»។
6. លោកហាម៉ានក៏ចូលមក ហើយព្រះរាជាសួរលោកថា៖ «តើគួរប្រព្រឹត្តដូចម្ដេច ចំពោះអ្នកដែលស្ដេចចង់ផ្ដល់កិត្តិយសឲ្យ?»។ លោកហាម៉ានគិតក្នុងចិត្តថា «ក្រៅពីខ្ញុំ គ្មាននរណាផ្សេងទៀត ដែលស្ដេចចង់ផ្ដល់កិត្តិយសឲ្យនោះឡើយ!»។
7. លោកហាម៉ានក៏ទូលស្ដេចថា៖ «អ្នកដែលព្រះរាជាសព្វព្រះហឫទ័យផ្ដល់កិត្តិយសនោះ
8. ត្រូវឲ្យគេយកព្រះភូសារបស់ព្រះរាជាមកបំពាក់ជូន រួចយកសេះជាជំនិះរបស់ព្រះរាជា គឺសេះដែលមានភួងរាជ្យនៅលើក្បាលផងនោះ មកឲ្យគាត់ជិះ។
9. សូមចាត់មន្ត្រីម្នាក់របស់ព្រះករុណា ឲ្យយកព្រះភូសាទៅបំពាក់ជូនបុរសនោះ ហើយឲ្យគាត់ឡើងជិះសេះរបស់ព្រះករុណា រួចដង្ហែតាមផ្លូវក្នុងទីក្រុង ទាំងស្រែកប្រកាសនៅពីមុខគាត់ថា ព្រះរាជាប្រព្រឹត្តបែបនេះចំពោះអ្នកដែលស្ដេចសព្វព្រះហឫទ័យផ្ដល់កិត្តិយស!»។
10. ព្រះរាជាមានរាជឱង្ការទៅកាន់លោកហាម៉ានថា៖ «បើដូច្នេះ សុំលោកប្រញាប់យកព្រះភូសាទៅបំពាក់ជូនលោកម៉ាដេកាយ ជាជនជាតិយូដា ដែលប្រចាំការនៅមាត់ទ្វាររាជវាំង ហើយឲ្យគាត់ឡើងជិះសេះ ដូចលោកមានប្រសាសន៍ចុះ! ចូរប្រព្រឹត្តចំពោះគាត់ ឲ្យបានដូចពាក្យរបស់លោក ឥតចន្លោះត្រង់ណាឡើយ»។
11. លោកហាម៉ានក៏យកព្រះភូសាទៅបំពាក់ជូនលោកម៉ាដេកាយ ហើយឲ្យលោកឡើងជិះសេះ ដង្ហែកាត់តាមផ្លូវនានានៅក្នុងទីក្រុង ទាំងប្រកាសថា «ព្រះរាជាប្រព្រឹត្តបែបនេះ ចំពោះអ្នកដែលស្ដេចសព្វព្រះហឫទ័យផ្ដល់កិត្តិយស!»។
12. បន្ទាប់មក លោកម៉ាដេកាយវិលត្រឡប់ទៅប្រចាំការនៅមាត់ទ្វាររាជវាំង រីឯលោកហាម៉ានក៏ប្រញាប់វិលត្រឡប់ទៅផ្ទះវិញ ទាំងមួហ្មង និងបាក់មុខយ៉ាងខ្លាំង។
13. លោកហាម៉ានរៀបរាប់ប្រាប់លោកស្រីសេរែស ជាភរិយា និងមិត្តភក្ដិជិតស្និទ្ធអំពីហេតុការណ៍ដែលកើតមានចំពោះលោក។ ទីប្រឹក្សារបស់លោក ព្រមទាំងលោកស្រីសេរែស ជាភរិយា ពោលទៅកាន់លោកថា៖ «ម៉ាដេកាយដែលលោកកំពុងតែចាញ់ប្រៀបនោះ ជាសាសន៍យូដា ដូច្នេះ លោកពុំអាចតទល់នឹងគាត់បានឡើយ គឺលោកមុខជាចាញ់ប្រៀបគាត់រហូតមិនខាន»។
14. អ្នកទាំងនោះនិយាយមិនទាន់ផុតពីមាត់ផង ស្រាប់តែពួកមហាតលិករបស់ស្ដេចចូលមកដល់ ហើយរូតរះនាំលោកហាម៉ានទៅចូលរួមក្នុងពិធីជប់លៀងដែលព្រះនាងអេសធើរបានរៀបចំ។