11. លោកហាម៉ានក៏យកព្រះភូសាទៅបំពាក់ជូនលោកម៉ាដេកាយ ហើយឲ្យលោកឡើងជិះសេះ ដង្ហែកាត់តាមផ្លូវនានានៅក្នុងទីក្រុង ទាំងប្រកាសថា «ព្រះរាជាប្រព្រឹត្តបែបនេះ ចំពោះអ្នកដែលស្ដេចសព្វព្រះហឫទ័យផ្ដល់កិត្តិយស!»។
12. បន្ទាប់មក លោកម៉ាដេកាយវិលត្រឡប់ទៅប្រចាំការនៅមាត់ទ្វាររាជវាំង រីឯលោកហាម៉ានក៏ប្រញាប់វិលត្រឡប់ទៅផ្ទះវិញ ទាំងមួហ្មង និងបាក់មុខយ៉ាងខ្លាំង។
13. លោកហាម៉ានរៀបរាប់ប្រាប់លោកស្រីសេរែស ជាភរិយា និងមិត្តភក្ដិជិតស្និទ្ធអំពីហេតុការណ៍ដែលកើតមានចំពោះលោក។ ទីប្រឹក្សារបស់លោក ព្រមទាំងលោកស្រីសេរែស ជាភរិយា ពោលទៅកាន់លោកថា៖ «ម៉ាដេកាយដែលលោកកំពុងតែចាញ់ប្រៀបនោះ ជាសាសន៍យូដា ដូច្នេះ លោកពុំអាចតទល់នឹងគាត់បានឡើយ គឺលោកមុខជាចាញ់ប្រៀបគាត់រហូតមិនខាន»។
14. អ្នកទាំងនោះនិយាយមិនទាន់ផុតពីមាត់ផង ស្រាប់តែពួកមហាតលិករបស់ស្ដេចចូលមកដល់ ហើយរូតរះនាំលោកហាម៉ានទៅចូលរួមក្នុងពិធីជប់លៀងដែលព្រះនាងអេសធើរបានរៀបចំ។