1. នៅយប់នោះ ព្រះរាជាផ្ទំមិនលក់ ស្ដេចបញ្ជា ឲ្យគេយកសៀវភៅ ដែលមានកត់ត្រាព្រឹត្តិការណ៍ផ្សេងៗមក គឺសៀវភៅប្រវត្តិសាស្ត្រ ហើយគេក៏អានថ្វាយស្ដេច។
2. គេអានត្រង់កន្លែងលោកម៉ាដេកាយវែកមុខមហាតលិកពីររូប ជាអ្នកយាមទ្វារបន្ទប់របស់ស្ដេច គឺលោកប៊ីគថាន និងលោកថេរែស ដែលប៉ុនប៉ងធ្វើគុតព្រះចៅអហាស៊ូរុស។
3. ព្រះរាជាក៏សួរថា៖ «តើគេបានលើកកិត្តិយស និងដំឡើងបុណ្យស័ក្ដិ ដើម្បីសងគុណលោកម៉ាដេកាយឬទេ?»។ ពួកមន្ត្រីទូលស្ដេចថា៖ «គ្មានទាល់តែសោះ ក្រាបទូល»។
4. ព្រះរាជាមានរាជឱង្ការសួរថា៖ «នរណាដើរនៅក្នុងសាលរាជដំណាក់?»។ ពេលនោះ លោកហាម៉ានចូលមកដល់សាលខាងក្រៅដំណាក់របស់ព្រះរាជា ដើម្បីទូលសូមស្ដេចព្យួរ-ក លោកម៉ាដេកាយ នៅលើបង្គោលដែលលោកបានដំឡើង។
5. ពួករាជបម្រើទូលស្ដេចថា៖ «គឺលោកហាម៉ានឈរនៅក្នុងសាល»។ ព្រះរាជាមានរាជឱង្ការថា៖ «ឲ្យលោកចូលមកចុះ!»។
6. លោកហាម៉ានក៏ចូលមក ហើយព្រះរាជាសួរលោកថា៖ «តើគួរប្រព្រឹត្តដូចម្ដេច ចំពោះអ្នកដែលស្ដេចចង់ផ្ដល់កិត្តិយសឲ្យ?»។ លោកហាម៉ានគិតក្នុងចិត្តថា «ក្រៅពីខ្ញុំ គ្មាននរណាផ្សេងទៀត ដែលស្ដេចចង់ផ្ដល់កិត្តិយសឲ្យនោះឡើយ!»។
7. លោកហាម៉ានក៏ទូលស្ដេចថា៖ «អ្នកដែលព្រះរាជាសព្វព្រះហឫទ័យផ្ដល់កិត្តិយសនោះ
8. ត្រូវឲ្យគេយកព្រះភូសារបស់ព្រះរាជាមកបំពាក់ជូន រួចយកសេះជាជំនិះរបស់ព្រះរាជា គឺសេះដែលមានភួងរាជ្យនៅលើក្បាលផងនោះ មកឲ្យគាត់ជិះ។
9. សូមចាត់មន្ត្រីម្នាក់របស់ព្រះករុណា ឲ្យយកព្រះភូសាទៅបំពាក់ជូនបុរសនោះ ហើយឲ្យគាត់ឡើងជិះសេះរបស់ព្រះករុណា រួចដង្ហែតាមផ្លូវក្នុងទីក្រុង ទាំងស្រែកប្រកាសនៅពីមុខគាត់ថា ព្រះរាជាប្រព្រឹត្តបែបនេះចំពោះអ្នកដែលស្ដេចសព្វព្រះហឫទ័យផ្ដល់កិត្តិយស!»។