1. កាលលោកម៉ាដេកាយជ្រាបដំណឹងនេះ លោកហែកសម្លៀកបំពាក់ ហើយស្លៀកបាវ និងរោយផេះលើក្បាល។ លោកដើរកាត់ទីក្រុង ទាំងស្រែកយំយ៉ាងជូរចត់។
2. លោកទៅឈរទល់មុខនឹងមាត់ទ្វាររាជវាំង ដ្បិតលោកមិនអាចចូលទៅក្នុងបាន ដោយស្លៀកបាវបែបនេះឡើយ។
3. នៅតាមអាណាខេត្តនីមួយៗ ពេលគេបានទទួលលិខិត និងរាជក្រឹត្យហើយ ជនជាតិយូដានាំគ្នាកាន់ទុក្ខយ៉ាងខ្លាំង។ ពួកគេតមអាហារ យំសោកសង្រេង ហើយមានពួកគេជាច្រើននាំគ្នាស្លៀកបាវដេកនៅក្នុងផេះ។
4. ពួកស្ត្រីបម្រើ និងមហាតលិករបស់ព្រះនាងអេសធើរ បាននាំដំណឹងនេះ មកទូលថ្វាយព្រះនាង ហើយព្រះមហាក្សត្រិយានីរន្ធត់ព្រះហឫទ័យពន់ប្រមាណ។ ព្រះនាងឲ្យគេយកសម្លៀកបំពាក់ទៅជូនលោកម៉ាដេកាយ ជំនួសបាវដែលលោកស្លៀកជាប់នឹងខ្លួន តែលោកម៉ាដេកាយពុំព្រមទេ។
5. ពេលនោះ ព្រះនាងអេសធើរបានហៅលោកហាថាក់ ជាមហាតលិក ដែលព្រះរាជាឲ្យមកនៅបម្រើព្រះនាង។ ព្រះនាងបញ្ជាគាត់ឲ្យទៅសួរលោកម៉ាដេកាយ អំពីមូលហេតុដែលជំរុញឲ្យលោកធ្វើបែបនេះ។
6. លោកហាថាក់ក៏ទៅជួបលោកម៉ាដេកាយនៅទីលានក្រុង ដែលស្ថិតនៅទល់មុខនឹងមាត់ទ្វាររាជវាំង។
7. លោកម៉ាដេកាយរៀបរាប់ប្រាប់គាត់អំពីហេតុការណ៍ទាំងអស់ដែលកើតមាន ព្រមទាំងពន្យល់យ៉ាងលំអិតអំពីរឿងប្រាក់ដែលលោកហាម៉ាន បានសន្យាបញ្ចូលទៅក្នុងឃ្លាំងរាជទ្រព្យ ប្រសិនបើស្ដេចចេញបញ្ជាឲ្យគេប្រល័យជីវិតជនជាតិយូដា។
8. លោកក៏បានប្រគល់រាជក្រឹត្យមួយច្បាប់ ដែលគេចេញផ្សាយនៅក្រុងស៊ូសាន ស្ដីអំពីការប្រល័យពូជសាសន៍យូដាឲ្យលោកហាថាក់ ដើម្បីគាត់យកទៅថ្វាយព្រះនាងអេសធើរ ព្រមទាំងរៀបរាប់ហេតុការណ៍នេះថ្វាយព្រះនាងផង។ លោកក៏បានសូមឲ្យព្រះនាងចូលទៅគាល់ព្រះរាជា ដើម្បីសូមការប្រណីសន្ដោស និងទូលអង្វរព្រះរាជា សម្រាប់ជាតិសាសន៍របស់ព្រះនាង។
9. លោកហាថាក់ក៏នាំពាក្យទាំងប៉ុន្មានរបស់លោកម៉ាដេកាយ ទៅទូលព្រះនាងអេសធើរ។
10. ព្រះនាងប្រាប់លោកហាថាក់ឲ្យទៅជម្រាបលោកម៉ាដេកាយវិញថា៖
11. «ពួករាជបម្រើ និងប្រជាជននៅក្នុងអាណាខេត្តរបស់ស្ដេច សុទ្ធតែដឹងថាបុរស ឬស្ត្រីណាដែលហ៊ានចូលទៅគាល់ស្ដេច នៅសាលខាងក្នុងរាជដំណាក់ ដោយស្ដេចមិនបានត្រាស់ហៅនោះ នឹងមានទោសដល់ស្លាប់ ស្របតាមច្បាប់ដែលមានចែងទុកសម្រាប់មនុស្សទួទៅ។ ប៉ុន្តែ បើព្រះរាជាហុចដំបងរាជ្យធ្វើពីមាសឲ្យនោះ ទើបរួចជីវិត។ ចំពោះខ្ញុំវិញ ព្រះរាជាមិនបានហៅខ្ញុំឲ្យចូលគាល់ អស់រយៈពេលមួយខែមកហើយ»។
12. គេក៏នាំរាជសវនីយ៍របស់ព្រះនាងអេសធើរ ទៅជម្រាបលោកម៉ាដេកាយ។
13. លោកម៉ាដេកាយឲ្យគេនាំពាក្យទៅទូលព្រះនាងអេសធើរវិញថា៖ «បពិត្រព្រះមហាក្សត្រិយានី សូមកុំនឹកស្មានថា ព្រះនាងអាចគេចផុតពីសេចក្ដីវិនាស ដែលនឹងកើតមានចំពោះជនជាតិយូដាទាំងអស់ឡើយ។