1. នេះជាព្រឹត្តិការណ៍ ដែលកើតមាននៅជំនាន់ព្រះចៅអហាស៊ូរុស។ ព្រះចៅអហាស៊ូរុសគ្រប់គ្រងលើអាណាខេត្តចំនួនមួយរយម្ភៃប្រាំពីរ គឺចាប់តាំងពីស្រុកឥណ្ឌារហូតដល់ស្រុកអេត្យូពី។
2. នៅជំនាន់នោះ ព្រះចៅអហាស៊ូរុសសោយរាជ្យនៅក្រុងស៊ូសាន ជារាជធានី។
3. នៅឆ្នាំទីបីនៃរជ្ជកាលរបស់ស្ដេច ស្ដេចបានរៀបចំពិធីជប់លៀងមួយទទួលមេដឹកនាំ និងមន្ត្រីទាំងអស់របស់ស្ដេច ព្រមទាំងមេទ័ពពែរ្ស និងមេឌី ពួកអ្នកមុខអ្នកការ និងទេសាភិបាលរបស់អាណាខេត្តទាំងអស់។
4. ស្ដេចចង់បង្ហាញរាជ្យទ្រព្យដ៏ស្ដុកស្ដម្ភ និងភាពថ្លៃថ្នូរវិសេសនៃរាជសម្បត្តិដ៏ថ្កុំថ្កើងរុងរឿងរបស់ស្ដេច តាមរយៈពិធីជប់លៀង ក្នុងអំឡុងពេលមួយរយប៉ែតសិបថ្ងៃ។
5. នៅចុងបញ្ចប់នៃពិធីជប់លៀងនេះ ស្ដេចបានរៀបចំពិធីជប់លៀងមួយទៀត ក្នុងទីធ្លាឧទ្យាននៃព្រះបរមរាជវាំងចំនួនប្រាំពីរថ្ងៃ។ ប្រជាជនទាំងមូលនៅរាជធានីស៊ូសាន ទាំងអ្នកធំ ទាំងអ្នកតូច អាចចូលរួមបាន។
6. គេចងក្រណាត់ទេសឯកពណ៌ស និងពណ៌ខៀវ លាយនឹងក្រណាត់ធ្វើពីអំបោះពណ៌ស និងពណ៌ស្វាយ ភ្ជាប់ទៅនឹងខ្សែពណ៌ស និងពណ៌ក្រហមទុំ។ គេដោតខ្សែនោះទៅក្នុងកងធ្វើអំពីប្រាក់ ហើយចងភ្ជាប់ទៅនឹងសសរធ្វើអំពីថ្លើមថ្ម។ រីឯគ្រែសម្រាប់អង្គុយបរិភោគធ្វើពីមាស និងប្រាក់ ដាក់នៅលើកំរាលធ្វើពីថ្មកែវ ថ្លើមថ្ម ខ្យងដាំ និងថ្មខ្មៅ។
7. គេដាក់ស្រានៅក្នុងពែងមាស ដែលមានក្បាច់រចនាប្លែកៗគ្នា។ ស្ដេចឲ្យគេយកស្រាមកចាក់ជូនភ្ញៀវយ៉ាងបរិបូណ៌។
8. ភ្ញៀវអាចពិសាស្រាតាមចិត្ត ដោយមិននឹកខ្លាចខ្វះខាតអ្វីឡើយ គឺស្ដេចបញ្ជាឲ្យរាជបម្រើចាក់ស្រាជូន តាមតែភ្ញៀវចង់បាន។
9. រីឯព្រះមហាក្សត្រិយានីវ៉ាសធីវិញ ក៏រៀបចំជប់លៀងដោយឡែក សម្រាប់ពួកស្ត្រីនៅក្នុងវាំងរបស់ព្រះចៅអហាស៊ូរុសដែរ។
10. នៅថ្ងៃទីប្រាំពីរ សុរាបានធ្វើឲ្យព្រះចៅអហាស៊ូរុសមានព្រះហឫទ័យសប្បាយក្រៃលែង។ ស្ដេចបង្គាប់លោកមហ៊ូម៉ាន លោកប៊ីសថា លោកហារបូណា លោកប៊ីគថា លោកអបាគថា លោកសេថារ និងលោកកើកាស ជាមហាតលិកទាំងប្រាំពីររូប ដែលនៅបម្រើស្ដេច
11. ឲ្យយាងព្រះមហាក្សត្រិយានីវ៉ាសធីមកគាល់ស្ដេច ទាំងពាក់មកុដរាជ្យ ដើម្បីបង្ហាញឲ្យប្រជាជន និងមេដឹកនាំឃើញរូបឆោមរបស់ព្រះនាង ដ្បិតព្រះនាងមានរូបឆោមស្រស់ស្អាតណាស់។
12. ប៉ុន្តែ ព្រះមហាក្សត្រិយានីពុំព្រមយាងមក តាមបញ្ជារបស់ស្ដេច ដែលពួកមហាតលិកបានទូលថ្វាយឡើយ។ ពេលនោះ ព្រះរាជាពិរោធយ៉ាងខ្លាំង។
13. ស្ដេចក៏សួរយោបល់ពីពួកហោរាចារ្យ ដែលជាអ្នកមានភារកិច្ចជួយដោះស្រាយរឿងរបស់ស្ដេច ព្រោះពួកគេស្គាល់ពិធីការ និងទំនៀមទម្លាប់។