10. លោកបូអូសពោលថា៖ «សូមព្រះអម្ចាស់ប្រទានពរដល់នាង! នាងប្រព្រឹត្តដូច្នេះ គឺនាងបង្ហាញចិត្តស្មោះត្រង់ប្រសើរជាងពីមុនទៅទៀត គឺនាងមិនបានដើររកប្រុសក្មេងៗ ទោះជាអ្នកមាន ឬអ្នកក្រក្ដី មកធ្វើជាប្ដីទេ។
11. ឥឡូវនេះ សូមនាងកុំបារម្ភឡើយ អ្វីៗដែលនាងសុំ ខ្ញុំនឹងធ្វើតាមទាំងអស់ ដ្បិតប្រជាជនទាំងមូលដឹងច្បាស់ថា នាងជាស្ត្រីថ្លៃថ្នូរ។
12. ខ្ញុំជាសាច់ញាតិដែលមានភារកិច្ចទទួលបន្ទុកថែរក្សានាងពិតមែន ក៏ប៉ុន្តែ នៅមានបុរសម្នាក់ ជាសាច់ញាតិនឹងនាង ជិតជាងខ្ញុំទៅទៀត។
13. យប់នេះ សូមនាងសម្រាកនៅទីនេះហើយ! ចាំព្រឹកស្អែក ខ្ញុំនឹងទៅសួរគេ។ ប្រសិនបើគេចង់ទទួលខុសត្រូវលើនាង ឲ្យគេទទួលចុះ តែបើគេមិនព្រមទេ ខ្ញុំសូមសន្យា ដោយយកព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅជាសាក្សីថា ខ្ញុំមុខជាទទួលខុសត្រូវលើនាងពុំខាន! សូមនាងសម្រាកនៅទីនេះរហូតដល់ព្រឹកចុះ!»។
14. នាងរស់ដេកនៅចុងជើងលោកបូអូសរហូតដល់ព្រឹក ហើយនាងបានក្រោកពីព្រលឹមស្រាងៗ មុនពេលមើលគ្នាស្គាល់។ លោកបូអូសក៏មិនចង់ឲ្យនរណាម្នាក់ដឹងថា នាងបានចូលមកក្នុងលាននេះដែរ។
15. លោកមានប្រសាសន៍ថា៖ «ចូរដោះអាវធំរបស់នាង កាន់ឲ្យជាប់»។ នាងក៏ដោះអាវ ហើយលោកចាក់ស្រូវមួយតៅឲ្យនាង ព្រមទាំងជួយលើកដាក់ឲ្យនាងទូលទៀតផង។ នាងក៏ទូលស្រូវនោះចូលទៅក្នុងភូមិវិញ។
16. ពេលទៅដល់ផ្ទះ ម្ដាយក្មេកសួរថា៖ «យ៉ាងដូចម្ដេចទៅហើយកូន?»។ នាងរស់រៀបរាប់ប្រាប់ម្ដាយក្មេកនូវហេតុការណ៍ទាំងប៉ុន្មាន ដែលលោកបូអូសបានប្រព្រឹត្តចំពោះនាង។
17. នាងបញ្ជាក់ថា៖ «លោកបានឲ្យស្រូវមួយតៅមកកូន ទាំងពោលថា នាងមិនត្រូវត្រឡប់ទៅផ្ទះវិញដៃទទេឡើយ!»។
18. នាងណាអូមីនិយាយថា៖ «ចូរកូននៅរង់ចាំមើលសិន រហូតទាល់តែដឹងថាការនេះនឹងទៅជាយ៉ាងណា ដ្បិតលោកបូអូសនឹងមិននៅស្ងៀមទេ គឺគាត់នឹងគិតគូររហូតទាល់តែបានសម្រេចនៅថ្ងៃនេះជាពុំខាន»។