1. ថ្ងៃមួយ នាងណាអូមីពោលទៅកាន់នាងរស់ថា៖ «ម៉ែត្រូវតែរកអនាគតឲ្យកូន ដើម្បីកូនបានសេចក្ដីសុខ។
2. លោកបូអូសដែលកូនធ្វើការជាមួយស្រីបម្រើរបស់គាត់នោះ ជាប់សាច់ញាតិនឹងយើងដែរ។ ល្ងាចនេះ គាត់នឹងទៅបោកបែនស្រូវនៅលាន។
3. ចូរកូនតុបតែងខ្លួនឲ្យស្អាត លាបទឹកអប់ និងស្លៀកពាក់យ៉ាងល្អផង រួចដើរទៅលានដែលគាត់បោកបែនស្រូវ តែកុំបង្ហាញខ្លួនឲ្យគាត់ស្គាល់ រហូតទាល់តែគាត់ពិសាអាហារ និងស្រារួច។
4. ពេលគាត់ចូលសម្រាន្ដ កូនត្រូវមើលចំណាំកន្លែងដែលគាត់សម្រាន្ដឲ្យបានច្បាស់។ បន្ទាប់មក កូនត្រូវទៅបើកភួយនៅចុងជើងគាត់ ហើយដេកត្រង់កន្លែងនោះទៅ គាត់នឹងប្រាប់កូននូវអ្វីៗដែលកូនត្រូវធ្វើ»។
5. នាងរស់ឆ្លើយថា៖ «កូននឹងធ្វើតាមពាក្យរបស់អ្នកម្ដាយសព្វគ្រប់ទាំងអស់»។
6. នាងរស់ចេញទៅលានបោកបែនស្រូវ ហើយធ្វើសព្វគ្រប់ទាំងអស់តាមពាក្យដែលម្ដាយក្មេកបានបង្គាប់។
7. លោកបូអូសពិសាម្ហូបអាហារ និងស្រារួចហើយ គាត់ក៏សប្បាយចិត្ត ទំរេតខ្លួនសម្រាន្ដលក់នៅជិតគំនរកណ្ដាប់ស្រូវ។ នាងរស់ដើរលបៗចូលមក បើកភួយនៅចុងជើងរបស់គាត់ ហើយដេកត្រង់កន្លែងនោះទៅ។
8. នៅពាក់កណ្ដាលអធ្រាត្រ ដោយលោកបូអូសរងា គាត់ក៏ប្រែខ្លួន ហើយឃើញស្ត្រីម្នាក់ដេកនៅចុងជើងគាត់។
9. លោកបូអូសសួរថា៖ «នរណាហ្នឹង?»។ នាងឆ្លើយថា៖ «នាងខ្ញុំឈ្មោះរស់ ជាអ្នកបម្រើរបស់លោកម្ចាស់។ សូមលោកម្ចាស់មេត្តាទទួលនាងខ្ញុំធ្វើជាភរិយាទៅ ដ្បិតលោកមានភារកិច្ចទទួលបន្ទុកថែរក្សានាងខ្ញុំស្រាប់ហើយ»។
10. លោកបូអូសពោលថា៖ «សូមព្រះអម្ចាស់ប្រទានពរដល់នាង! នាងប្រព្រឹត្តដូច្នេះ គឺនាងបង្ហាញចិត្តស្មោះត្រង់ប្រសើរជាងពីមុនទៅទៀត គឺនាងមិនបានដើររកប្រុសក្មេងៗ ទោះជាអ្នកមាន ឬអ្នកក្រក្ដី មកធ្វើជាប្ដីទេ។
11. ឥឡូវនេះ សូមនាងកុំបារម្ភឡើយ អ្វីៗដែលនាងសុំ ខ្ញុំនឹងធ្វើតាមទាំងអស់ ដ្បិតប្រជាជនទាំងមូលដឹងច្បាស់ថា នាងជាស្ត្រីថ្លៃថ្នូរ។