6. នៅពេលព្រឹក វាដុះចេញមកហើយលូតលាស់ឡើងនៅពេលល្ងាច វាស្រពោនហើយក្រៀមស្ងួតអស់ទៅ។
7. យើងខ្ញុំត្រូវវិនាសដោយសារព្រះពិរោធរបស់ព្រះអង្គហើយយើងខ្ញុំញ័ររន្ធត់ដោយសារព្រះអង្គខ្ញាល់យ៉ាងខ្លាំង។
8. ព្រះអង្គយកកំហុសរបស់យើងខ្ញុំមកលាតត្រដាងនៅចំពោះព្រះភ័ក្ត្រព្រះអង្គហើយពន្លឺរបស់ព្រះអង្គចាំងឲ្យឃើញអំពើទាំងប៉ុន្មានដែលយើងខ្ញុំប្រព្រឹត្តដោយលាក់កំបាំង។
9. ដោយសារព្រះអង្គដាក់ទោសយើងខ្ញុំជីវិតរបស់យើងខ្ញុំកាន់តែដុនដាបទៅៗហើយអាយុជីវិតត្រូវចប់ដូចមួយដង្ហើម។
10. អាយុជីវិតរបស់យើងខ្ញុំបានត្រឹមតែចិតសិបឆ្នាំប៉ុណ្ណោះ អ្នកមាំមួនជាងគេរស់បានប៉ែតសិបឆ្នាំប៉ុន្តែ ក្នុងរយៈពេលដែលយើងខ្ញុំរស់នោះយើងខ្ញុំតែងតែខ្វល់ខ្វាយនិងមានទុក្ខលំបាកជាច្រើនអាយុជីវិតយើងខ្ញុំឈានទៅមុខយ៉ាងលឿនបោះពួយទៅរកសេចក្ដីស្លាប់។
11. តើនរណាអាចស្គាល់កម្លាំងនៃព្រះពិរោធរបស់ព្រះអង្គបាន?តើនរណាអាចស្គាល់ព្រះពិរោធនេះដើម្បីគោរពកោតខ្លាចព្រះអង្គយ៉ាងត្រឹមត្រូវបាន?
12. សូមណែនាំយើងខ្ញុំឲ្យដឹងច្បាស់ថាអាយុជីវិតយើងខ្ញុំកំណត់ត្រឹមណាដើម្បីឲ្យចិត្តយើងខ្ញុំចេះរិះគិតប្រកបដោយប្រាជ្ញា។
13. ព្រះអម្ចាស់អើយ សូមយាងមកវិញតើព្រះអង្គនៅបង្អង់ដល់កាលណាទៀតសូមអាណិតមេត្តាយើងខ្ញុំដែលជាអ្នកបម្រើរបស់ព្រះអង្គផង!
14. សូមសម្តែងព្រះហឫទ័យមេត្តាករុណាដ៏លើសលប់ចំពោះយើងខ្ញុំតាំងពីព្រលឹមនោះយើងខ្ញុំនឹងមានអំណរសប្បាយរីករាយអស់មួយជីវិត។
15. ព្រះអង្គបានធ្វើឲ្យយើងខ្ញុំកើតទុក្ខអស់រយៈពេលយ៉ាងយូរហើយយើងខ្ញុំវេទនាជាច្រើនឆ្នាំយ៉ាងណាសូមប្រោសប្រទានឲ្យយើងខ្ញុំមានអំណរសប្បាយយ៉ាងនោះដែរ។
16. សូមសម្តែងឲ្យយើងខ្ញុំបានឃើញស្នាព្រះហស្ដរបស់ព្រះអង្គហើយសម្តែងឲ្យកូនចៅយើងខ្ញុំបានឃើញភាពថ្កុំថ្កើងរបស់ព្រះអង្គផង។
17. ព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំអើយសូមសម្តែងសេចក្ដីស្រឡាញ់ចំពោះយើងខ្ញុំផងសូមជួយឲ្យកិច្ចការដែលយើងខ្ញុំធ្វើបានខ្ជាប់ខ្ជួនពិតមែនហើយសូមជួយឲ្យកិច្ចការរបស់យើងខ្ញុំបានខ្ជាប់ខ្ជួនរហូតតទៅ។