3. ព្រះអម្ចាស់មានព្រះបន្ទូលថា«យើងបានចងសម្ពន្ធមេត្រីជាមួយអ្នកដែលយើងបានជ្រើសរើសយើងបានចុះខសន្យាជាមួយដាវីឌជាអ្នកបម្រើរបស់យើងថា:
4. យើងនឹងតែងតាំងពូជពង្សអ្នកឲ្យគ្រងរាជ្យរហូតតទៅយើងនឹងពង្រឹងរាជ្យរបស់អ្នកឲ្យនៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ!»។
5. ព្រះអម្ចាស់អើយ សូមឲ្យផ្ទៃមេឃសរសើរតម្កើងស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គសូមឲ្យអង្គប្រជុំដ៏វិសុទ្ធច្រៀងសរសើរព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ។
6. នៅលើមេឃ គ្មាននរណាម្នាក់អាចផ្ទឹមស្មើនឹងព្រះអង្គបានឡើយក្នុងចំណោមពពួកទេវតា ក៏គ្មាននរណាអាចប្រៀបប្រដូចនឹងព្រះអង្គបានដែរ។
7. អស់អ្នកដែលស្ថិតនៅក្នុងអង្គប្រជុំដ៏វិសុទ្ធនាំគ្នាស្ញែងខ្លាចព្រះអង្គហើយអស់អ្នកដែលនៅជុំវិញព្រះអង្គក៏កោតស្ញប់ស្ញែងព្រះអង្គដែរ។
8. ឱព្រះអម្ចាស់ ព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលអើយគ្មាននរណាមានឫទ្ធានុភាពដូចព្រះអង្គឡើយ!ព្រះអង្គប្រកបទៅដោយព្រះហឫទ័យស្មោះស្ម័គ្រ។
9. ព្រះអង្គបង្ក្រាបអំនួតរបស់សមុទ្រនៅពេលរលកសមុទ្រកក្រើកឡើងព្រះអង្គបានធ្វើឲ្យស្ងប់ទៅវិញ។
10. ព្រះអង្គបានជាន់ និងសម្លាប់នាគរាជព្រះអង្គបានកំចាត់កំចាយខ្មាំងសត្រូវដោយសារឫទ្ធិបារមីដ៏ខ្លាំងក្លារបស់ព្រះអង្គ។
11. មេឃ និងផែនដីជាកម្មសិទ្ធិរបស់ព្រះអង្គព្រះអង្គបានបង្កើតពិភពលោក និងអ្វីៗទាំងអស់ដែលស្ថិតនៅក្នុងពិភពលោកនេះ។
12. ព្រះអង្គបានបង្កើតទិសខាងជើងនិងទិសខាងត្បូងភ្នំតាបោរ និងភ្នំហ៊ើរម៉ូនសរសើរតម្កើងព្រះនាមព្រះអង្គ។
13. ព្រះអង្គប្រកបដោយព្រះចេស្ដាដ៏ខ្លាំងក្លាព្រះអង្គមានឫទ្ធានុភាពនិងឫទ្ធិបារមីដ៏ខ្ពង់ខ្ពស់បំផុត។
14. ព្រះអង្គគ្រងរាជ្យដោយសុចរិត យុត្តិធម៌អ្វីៗដែលព្រះអង្គធ្វើសុទ្ធតែបង្ហាញអំពីព្រះហឫទ័យមេត្តាករុណានិងព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ។
15. ព្រះអម្ចាស់អើយប្រជាជនណាលើកតម្កើងព្រះអង្គព្រមទាំងរស់នៅក្រោមពន្លឺដ៏សប្បុរសរបស់ព្រះអង្គប្រជាជននោះមានសុភមង្គលហើយ!