1. ឱព្រះជាម្ចាស់ដែលជាគង្វាលនៃជនជាតិអ៊ីស្រាអែលអើយសូមផ្ទៀងព្រះកាណ៌ស្ដាប់យើងខ្ញុំព្រះអង្គដឹកនាំពូជពង្សរបស់លោកយ៉ូសែបដូចគង្វាលដឹកនាំហ្វូងចៀមឱព្រះអង្គដែលគង់នៅលើពួកចេរូប៊ីន*អើយសូមសម្តែងព្រះបារមីដ៏រុងរឿងរបស់ព្រះអង្គ
2. សូមសម្តែងព្រះចេស្ដាឲ្យកុលសម្ព័ន្ធអេប្រាអ៊ីម បេនយ៉ាមីន និងម៉ាណាសេឃើញសូមយាងមកសង្គ្រោះយើងខ្ញុំផង!
3. ឱព្រះជាម្ចាស់អើយ សូមនាំយើងខ្ញុំមកវិញសូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរសផង នោះយើងខ្ញុំនឹងបានរួចជីវិត!
4. ឱព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលអើយតើព្រះអង្គទ្រង់ព្រះពិរោធមិនស្ដាប់ពាក្យទូលអង្វររបស់ប្រជារាស្ត្រព្រះអង្គដល់កាលណាទៀត?
5. ព្រះអង្គធ្វើឲ្យយើងខ្ញុំសោកសង្រេងឥតស្រាកស្រាន្ត ឲ្យយើងខ្ញុំយំខ្សោះទឹកភ្នែក។
6. ព្រះអង្គធ្វើឲ្យប្រជាជាតិជិតខាងឈ្លោះគ្នាដណ្ដើមយកទឹកដីយើងខ្ញុំហើយខ្មាំងសត្រូវចំអកឡកឡឺយឲ្យយើងខ្ញុំ។
7. ឱព្រះជាម្ចាស់នៃពិភពទាំងមូលអើយសូមនាំយើងខ្ញុំមកវិញសូមទតមកយើងខ្ញុំដោយព្រះហឫទ័យសប្បុរសផងនោះយើងខ្ញុំនឹងបានរួចជីវិត!
8. ព្រះអង្គបានគាស់ទំពាំងបាយជូរមួយដើមពីស្រុកអេស៊ីបមកព្រះអង្គបានដេញប្រជាជាតិនានាចេញពីទឹកដីហើយយកទំពាំងបាយជូរនេះមកដាំជំនួស។
9. ព្រះអង្គឆ្ការដីកន្លែងនោះយ៉ាងស្អាតដើមទំពាំងបាយជូរក៏ចាក់ឫសហើយដុះពាសពេញនៅក្នុងស្រុក
10. ម្លប់ទំពាំងបាយជូរគ្របដណ្តប់ទៅលើភ្នំនានាហើយមែករបស់វាគ្របពីលើដើមតាត្រៅដ៏ខ្ពស់ៗ។
11. ដើមទំពាំងបាយជូរបែកមែករហូតទៅដល់សមុទ្រហើយមានពន្លកលាស់ចេញមករហូតទៅដល់ទន្លេអឺប្រាត។
12. ហេតុអ្វីបានជាព្រះអង្គរំលំរបងចម្ការទំពាំងបាយជូរនេះបណ្ដាលឲ្យអស់អ្នកធ្វើដំណើរកាត់តាមនោះនាំគ្នាបេះផ្លែដូច្នេះ?
13. ជ្រូកព្រៃមកបំផ្លិចបំផ្លាញចម្ការទំពាំងបាយជូរហើយសត្វនានានៅទីវាលក៏នាំគ្នាស៊ីដើមទំពាំងបាយជូរនេះដែរ។
14. ឱព្រះជាម្ចាស់នៃពិភពទាំងមូលអើយសូមយាងមកវិញ!សូមទតមើលពីស្ថានបរមសុខមក!សូមយាងមកជួយចម្ការទំពាំងបាយជូរនេះផង!
15. សូមការពារចម្ការទំពាំងបាយជូរដែលព្រះអង្គបានដាំ ដោយព្រះអង្គផ្ទាល់គឺបុត្រដែលព្រះអង្គបានពង្រឹងឲ្យមាំមួនឡើង!
16. សូមឲ្យខ្មាំងសត្រូវដែលបានដុតបំផ្លាញនិងកាប់ឆ្ការចម្ការទំពាំងបាយជូរនេះត្រូវវិនាសសូន្យទៅនៅពេលព្រះអង្គគំរាមកំហែងពួកគេ។