59. ព្រះជាម្ចាស់ឃើញគេប្រព្រឹត្តដូច្នេះព្រះអង្គទ្រង់ព្រះពិរោធហើយលែងរវីរវល់នឹងជនជាតិអ៊ីស្រាអែលទៀត។
60. ព្រះអង្គបោះបង់ចោលព្រះដំណាក់នៅស៊ីឡូព្រះអង្គបោះបង់ចោលព្រះពន្លាដែលព្រះអង្គធ្លាប់គង់នៅជាមួយមនុស្សលោក។
61. ព្រះអង្គបណ្ដោយឲ្យខ្មាំងសត្រូវរឹបអូសយកបានហិបនៃសម្ពន្ធមេត្រីដែលជានិមិត្តរូបនៃឫទ្ធិបារមីនិងសិរីរុងរឿងរបស់ព្រះអង្គ។
62. ព្រះអង្គបណ្ដោយឲ្យខ្មាំងសត្រូវប្រហារជីវិតប្រជារាស្ត្ររបស់ព្រះអង្គដោយមុខដាវ ព្រោះព្រះអង្គទ្រង់ព្រះពិរោធនឹងពួកគេជាខ្លាំង។
63. ពួកយុវជនបានបាត់បង់ជីវិតដោយសារភ្លើងសង្គ្រាមហើយគ្មាននៅសល់កំលោះដើម្បីរៀបការជាមួយពួកស្ត្រីក្រមុំទៀតឡើយ។
64. ពួកបូជាចារ្យបានស្លាប់ដោយមុខដាវហើយស្ត្រីមេម៉ាយមិនអាចធ្វើពិធីកាន់ទុក្ខបានទេ។
65. ពេលនោះ ព្រះអម្ចាស់តើនឡើងដូចគេក្រោកពីដំណេកឬដូចអ្នកចំបាំងដ៏ពូកែទើបនឹងស្វាងស្រាឡើងវិញ
66. ព្រះអង្គវាយខ្មាំងសត្រូវពីក្រោយឲ្យបាក់មុខអស់កល្បជានិច្ច។
67. ព្រះអង្គមិនរវីរវល់នឹងពូជពង្សរបស់លោកយ៉ូសែបព្រះអង្គពុំបានជ្រើសរើសកុលសម្ព័ន្ធអេប្រាអ៊ីមទេ
68. តែព្រះអង្គបានជ្រើសរើសកុលសម្ព័ន្ធយូដាវិញព្រះអង្គគាប់ព្រះហឫទ័យនឹងភ្នំស៊ីយ៉ូន។
69. នៅទីនោះព្រះអង្គបានសង់ទីសក្ការៈរបស់ព្រះអង្គយ៉ាងល្អរឹងប៉ឹង ដូចផ្ទៃមេឃដ៏ខ្ពស់ព្រះអង្គធ្វើឲ្យទីសក្ការៈនោះបានរឹងមាំដូចផែនដីរហូតតទៅ។
70. ព្រះអង្គបានជ្រើសរើសព្រះបាទដាវីឌជាអ្នកបម្រើរបស់ព្រះអង្គព្រះអង្គបានយកស្ដេចចេញពីកន្លែងឃ្វាលចៀម
71. ព្រះអង្គបានយកស្ដេចចេញពីហ្វូងចៀមមកដើម្បីឲ្យឃ្វាលពូជពង្សរបស់លោកយ៉ាកុបគឺជនជាតិអ៊ីស្រាអែលដែលជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ។
72. ព្រះបាទដាវីឌដឹកនាំជនជាតិអ៊ីស្រាអែលដោយចិត្តស្មោះត្រង់ព្រះរាជាដឹកនាំពួកគេយ៉ាងប៉ិនប្រសប់។