48. ហ្វូងគោរបស់គេត្រូវវិនាសដោយសារព្រិលហ្វូងចៀមរបស់គេត្រូវវិនាសដោយសាររន្ទះបាញ់។
49. ព្រះជាម្ចាស់ទ្រង់ព្រះពិរោធទាស់នឹងជនជាតិអេស៊ីបយ៉ាងខ្លាំងព្រះអង្គដាក់ទោសពួកគេឲ្យរងទុក្ខលំបាកយ៉ាងសែនវេទនាដោយចាត់ពួកទេវតាឲ្យមកប្រហារពួកគេ។
50. ព្រះអង្គធ្វើតាមព្រះពិរោធរបស់ព្រះអង្គដោយឥតសំចៃជីវិតជនជាតិនោះឡើយព្រះអង្គបានធ្វើឲ្យគ្រោះកាចកើតមានដល់ពួកគេ
51. គឺព្រះអង្គប្រហារជីវិតកូនច្បងទាំងប៉ុន្មានរបស់ជនជាតិអេស៊ីប កូនដែលកើតមកមុនគេក្នុងពូជពង្សរបស់លោកហាំ។
52. ព្រះអង្គបាននាំប្រជារាស្ត្ររបស់ព្រះអង្គចេញពីស្រុកនោះដូចហ្វូងចៀមចេញពីក្រោលព្រះអង្គដឹកនាំពួកគេនៅវាលរហោស្ថានដូចគង្វាលឃ្វាលហ្វូងចៀមរបស់ខ្លួន។
53. ព្រះអង្គដឹកនាំពួកគេយ៉ាងសុខសាន្តឥតភ័យខ្លាចអ្វីឡើយតែខ្មាំងសត្រូវរបស់ពួកគេត្រូវលិចលង់ក្នុងទឹកសមុទ្រ។
54. ព្រះអង្គនាំពួកគេទៅកាន់ទឹកដីដ៏វិសុទ្ធគឺទៅកាន់ភ្នំដែលព្រះអង្គវាយយកបានដោយឫទ្ធិបារមីរបស់ព្រះអង្គ។
55. ព្រះអង្គបណ្ដេញប្រជាជាតិនានាចេញពីមុខពួកគេហើយចែកទឹកដីឲ្យពួកគេជាមត៌កគឺព្រះអង្គឲ្យកុលសម្ព័ន្ធអ៊ីស្រាអែលរស់នៅក្នុងលំនៅស្ថានរបស់ប្រជាជាតិទាំងនោះ។
56. ក៏ប៉ុន្តែ ពួកគេបានល្បងលព្រះជាម្ចាស់ជាព្រះដ៏ខ្ពង់ខ្ពស់បំផុតពួកគេបានបះបោរប្រឆាំងនឹងព្រះអង្គដោយមិនព្រមធ្វើតាមដំបូន្មានរបស់ព្រះអង្គឡើយ។
57. ពួកគេបានងាកចេញពីព្រះអង្គនិងក្បត់ព្រះអង្គដូចដូនតារបស់ពួកគេពួកគេមានចិត្តវៀចវេរដូចផ្លែកណ្ដៀវ។
58. ពួកគេប្រព្រឹត្តខុសចំពោះព្រះអង្គដោយទៅថ្វាយបង្គំព្រះក្លែងក្លាយនៅតាមទីសក្ការៈរបស់សាសន៍ដទៃនៅលើភ្នំធ្វើឲ្យទាស់ព្រះហឫទ័យព្រះអង្គជាខ្លាំង។
59. ព្រះជាម្ចាស់ឃើញគេប្រព្រឹត្តដូច្នេះព្រះអង្គទ្រង់ព្រះពិរោធហើយលែងរវីរវល់នឹងជនជាតិអ៊ីស្រាអែលទៀត។
60. ព្រះអង្គបោះបង់ចោលព្រះដំណាក់នៅស៊ីឡូព្រះអង្គបោះបង់ចោលព្រះពន្លាដែលព្រះអង្គធ្លាប់គង់នៅជាមួយមនុស្សលោក។
61. ព្រះអង្គបណ្ដោយឲ្យខ្មាំងសត្រូវរឹបអូសយកបានហិបនៃសម្ពន្ធមេត្រីដែលជានិមិត្តរូបនៃឫទ្ធិបារមីនិងសិរីរុងរឿងរបស់ព្រះអង្គ។
62. ព្រះអង្គបណ្ដោយឲ្យខ្មាំងសត្រូវប្រហារជីវិតប្រជារាស្ត្ររបស់ព្រះអង្គដោយមុខដាវ ព្រោះព្រះអង្គទ្រង់ព្រះពិរោធនឹងពួកគេជាខ្លាំង។
63. ពួកយុវជនបានបាត់បង់ជីវិតដោយសារភ្លើងសង្គ្រាមហើយគ្មាននៅសល់កំលោះដើម្បីរៀបការជាមួយពួកស្ត្រីក្រមុំទៀតឡើយ។
64. ពួកបូជាចារ្យបានស្លាប់ដោយមុខដាវហើយស្ត្រីមេម៉ាយមិនអាចធ្វើពិធីកាន់ទុក្ខបានទេ។
65. ពេលនោះ ព្រះអម្ចាស់តើនឡើងដូចគេក្រោកពីដំណេកឬដូចអ្នកចំបាំងដ៏ពូកែទើបនឹងស្វាងស្រាឡើងវិញ
66. ព្រះអង្គវាយខ្មាំងសត្រូវពីក្រោយឲ្យបាក់មុខអស់កល្បជានិច្ច។