37. ពួកគេមានចិត្តមិនទៀងនឹងព្រះអង្គទេហើយក៏ក្បត់នឹងសម្ពន្ធមេត្រីរបស់ព្រះអង្គដែរ។
38. រីឯព្រះអង្គវិញព្រះអង្គមានព្រះហឫទ័យអាណិតអាសូរជានិច្ចព្រះអង្គបានលើកលែងទោសឲ្យពួកគេគឺព្រះអង្គមិនប្រហារជីវិតពួកគេទេជាច្រើនលើកច្រើនសា ព្រះអង្គតែងតែទប់ព្រះហឫទ័យមិនឲ្យមានព្រះពិរោធព្រះអង្គអត់ធ្មត់ចំពោះពួកគេ។
39. ព្រះអង្គនឹកចាំថាពួកគេគ្រាន់តែជាមនុស្សលោកីយ៍ប៉ុណ្ណោះជីវិតរបស់ពួកគេប្រៀបបាននឹងដង្ហើមដែលរសាត់បាត់ទៅឥតវិលមកវិញឡើយ។
40. ពួកគេបានបះបោរប្រឆាំងនឹងព្រះអង្គនៅវាលរហោស្ថានជាច្រើនលើកច្រើនសាហើយក្នុងវាលហួតហែងនោះ ពួកគេតែងតែធ្វើឲ្យព្រះអង្គព្រួយព្រះហឫទ័យ!។
41. ពួកគេចេះតែល្បងលមើលព្រះជាម្ចាស់ជានិច្ចពួកគេនាំគ្នាធ្វើឲ្យព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែលទាស់ព្រះហឫទ័យ។
42. ពួកគេពុំបាននឹកឃើញអំពីឫទ្ធានុភាពរបស់ព្រះអង្គទេហើយក៏ពុំបាននឹកឃើញពីថ្ងៃដែលព្រះអង្គបានរំដោះពួកគេឲ្យរួចពីកណ្ដាប់ដៃរបស់បច្ចាមិត្តដែរ។
43. ពួកគេពុំបាននឹកឃើញពីទីសម្គាល់អស្ចារ្យផ្សេងៗដែលព្រះអង្គធ្វើនៅស្រុកអេស៊ីបទេពួកគេពុំបាននឹកឃើញពីការអស្ចារ្យផ្សេងៗដែលព្រះអង្គធ្វើនៅតំបន់សូអានឡើយ។
44. ព្រះអង្គបានធ្វើឲ្យទឹកនៅដៃទន្លេនីលប្រែទៅជាឈាមជាហេតុធ្វើឲ្យជនជាតិអេស៊ីបរកទឹកផឹកមិនបាន។
45. ព្រះអង្គបានចាត់មូសឲ្យទៅខាំជនជាតិអេស៊ីបនិងចាត់កង្កែបឲ្យទៅបំផ្លិចបំផ្លាញអ្វីៗទាំងអស់។
46. ព្រះអង្គធ្វើឲ្យមានចង្រិតទៅស៊ីបង្ហិនភោគផលរបស់ពួកគេហើយឲ្យកណ្ដូបទៅស៊ីបង្ហិនដំណាំរបស់គេ។
47. ព្រះអង្គបានធ្វើឲ្យមានព្រិលធ្លាក់មកកម្ទេចចម្ការទំពាំងបាយជូររបស់គេហើយមានធាតុអាកាសត្រជាក់មកបំផ្លាញដើមឈើរបស់គេខូចអស់។
48. ហ្វូងគោរបស់គេត្រូវវិនាសដោយសារព្រិលហ្វូងចៀមរបស់គេត្រូវវិនាសដោយសាររន្ទះបាញ់។
49. ព្រះជាម្ចាស់ទ្រង់ព្រះពិរោធទាស់នឹងជនជាតិអេស៊ីបយ៉ាងខ្លាំងព្រះអង្គដាក់ទោសពួកគេឲ្យរងទុក្ខលំបាកយ៉ាងសែនវេទនាដោយចាត់ពួកទេវតាឲ្យមកប្រហារពួកគេ។
50. ព្រះអង្គធ្វើតាមព្រះពិរោធរបស់ព្រះអង្គដោយឥតសំចៃជីវិតជនជាតិនោះឡើយព្រះអង្គបានធ្វើឲ្យគ្រោះកាចកើតមានដល់ពួកគេ
51. គឺព្រះអង្គប្រហារជីវិតកូនច្បងទាំងប៉ុន្មានរបស់ជនជាតិអេស៊ីប កូនដែលកើតមកមុនគេក្នុងពូជពង្សរបស់លោកហាំ។
52. ព្រះអង្គបាននាំប្រជារាស្ត្ររបស់ព្រះអង្គចេញពីស្រុកនោះដូចហ្វូងចៀមចេញពីក្រោលព្រះអង្គដឹកនាំពួកគេនៅវាលរហោស្ថានដូចគង្វាលឃ្វាលហ្វូងចៀមរបស់ខ្លួន។
53. ព្រះអង្គដឹកនាំពួកគេយ៉ាងសុខសាន្តឥតភ័យខ្លាចអ្វីឡើយតែខ្មាំងសត្រូវរបស់ពួកគេត្រូវលិចលង់ក្នុងទឹកសមុទ្រ។
54. ព្រះអង្គនាំពួកគេទៅកាន់ទឹកដីដ៏វិសុទ្ធគឺទៅកាន់ភ្នំដែលព្រះអង្គវាយយកបានដោយឫទ្ធិបារមីរបស់ព្រះអង្គ។
55. ព្រះអង្គបណ្ដេញប្រជាជាតិនានាចេញពីមុខពួកគេហើយចែកទឹកដីឲ្យពួកគេជាមត៌កគឺព្រះអង្គឲ្យកុលសម្ព័ន្ធអ៊ីស្រាអែលរស់នៅក្នុងលំនៅស្ថានរបស់ប្រជាជាតិទាំងនោះ។
56. ក៏ប៉ុន្តែ ពួកគេបានល្បងលព្រះជាម្ចាស់ជាព្រះដ៏ខ្ពង់ខ្ពស់បំផុតពួកគេបានបះបោរប្រឆាំងនឹងព្រះអង្គដោយមិនព្រមធ្វើតាមដំបូន្មានរបស់ព្រះអង្គឡើយ។