26. នៅលើមេឃ ព្រះអង្គបានធ្វើឲ្យមានខ្យល់បក់មកពីទិសខាងកើតហើយព្រះអង្គក៏ធ្វើឲ្យមានខ្យល់បក់មកពីទិសខាងត្បូងដែរ។
27. ព្រះអង្គធ្វើឲ្យមានសាច់យ៉ាងច្រើនដូចធូលីដីធ្លាក់ពីលើមេឃមកគឺព្រះអង្គប្រទានសត្វស្លាបយ៉ាងច្រើនដូចគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ
28. ធ្លាក់ចុះមកកណ្ដាលជំរំរបស់ពួកគេជុំវិញកន្លែងដែលគេស្នាក់នៅ។
29. ពួកគេបានបរិភោគឆ្អែតស្កប់ស្កល់ដោយព្រះជាម្ចាស់ធ្វើតាមចិត្តប៉ងប្រាថ្នារបស់ពួកគេ។
30. ក៏ប៉ុន្តែ ទោះបីគេមានម្ហូបអាហារនៅពេញមាត់ក្ដីក៏ពួកគេនៅតែពុំព្រមស្កប់ចិត្តដដែល
31. ជាហេតុនាំឲ្យព្រះជាម្ចាស់ទ្រង់ព្រះពិរោធហើយប្រហារជីវិតពួកអ្នកខ្លាំងពូកែជាងគេព្រមទាំងយុវជនដែលកំពុងតែពេញកម្លាំងក្នុងចំណោមជនជាតិអ៊ីស្រាអែលផងដែរ។
32. ទោះបីយ៉ាងនេះក្ដីក៏ពួកគេនៅតែប្រព្រឹត្តអំពើបាបដដែលពួកគេពុំបានជឿលើព្រះអង្គដែលធ្វើការអស្ចារ្យទាំងនោះទេ។
33. ដូច្នេះ ព្រះអង្គក៏ប្រហារជីវិតរបស់គេតែក្នុងមួយរយៈពេលដ៏ខ្លីព្រះអង្គផ្ដាច់អាយុជីវិតរបស់គេយ៉ាងសែនវេទនាបំផុត។
34. ពេលឃើញព្រះជាម្ចាស់ប្រហារជីវិតអ្នកខ្លះក្នុងចំណោមពួកគេពួកគេក៏នាំគ្នាស្វែងរកព្រះអង្គហើយប្រែចិត្តគំនិតមករកព្រះអង្គវិញ។
35. ពួកគេនឹកឃើញថាព្រះជាម្ចាស់ជាថ្មដារបស់ពួកគេហើយថាព្រះដ៏ខ្ពង់ខ្ពស់បំផុតបានការពារពួកគេ។
36. ក៏ប៉ុន្តែតាមពិត ពួកគេចង់បោកប្រាស់ព្រះអង្គគឺអ្វីៗដែលគេនិយាយចេញមកសុទ្ធតែជាពាក្យកុហកទាំងអស់។
37. ពួកគេមានចិត្តមិនទៀងនឹងព្រះអង្គទេហើយក៏ក្បត់នឹងសម្ពន្ធមេត្រីរបស់ព្រះអង្គដែរ។
38. រីឯព្រះអង្គវិញព្រះអង្គមានព្រះហឫទ័យអាណិតអាសូរជានិច្ចព្រះអង្គបានលើកលែងទោសឲ្យពួកគេគឺព្រះអង្គមិនប្រហារជីវិតពួកគេទេជាច្រើនលើកច្រើនសា ព្រះអង្គតែងតែទប់ព្រះហឫទ័យមិនឲ្យមានព្រះពិរោធព្រះអង្គអត់ធ្មត់ចំពោះពួកគេ។
39. ព្រះអង្គនឹកចាំថាពួកគេគ្រាន់តែជាមនុស្សលោកីយ៍ប៉ុណ្ណោះជីវិតរបស់ពួកគេប្រៀបបាននឹងដង្ហើមដែលរសាត់បាត់ទៅឥតវិលមកវិញឡើយ។