18. ពួកគេហ៊ានល្បងលមើលព្រះជាម្ចាស់ដោយសូមឲ្យព្រះអង្គប្រទានម្ហូបអាហារតាមទំនើងចិត្តរបស់ខ្លួន។
19. គេនាំគ្នាពោលពាក្យប្រឆាំងនឹងព្រះជាម្ចាស់ថា:តើព្រះជាម្ចាស់អាចជប់លៀងយើងក្នុងវាលរហោស្ថាននេះបានឬ?
20. ព្រះអង្គបានវាយផ្ទាំងថ្មឲ្យមានទឹកហូរចេញមក ដូចជាទឹកជ្រោះធ្លាក់មែនក៏ប៉ុន្តែ តើព្រះអង្គអាចប្រទាននំបុ័ងនិងផ្គត់ផ្គង់សាច់មកឲ្យប្រជារាស្ត្ររបស់ព្រះអង្គបានដែរឬ?
21. ពេលព្រះអម្ចាស់ឮពាក្យរបស់ពួកគេព្រះអង្គទ្រង់ព្រះពិរោធក្រៃលែងព្រះអង្គក្ដៅក្រហាយនឹងពូជពង្សរបស់លោកយ៉ាកុបព្រះអង្គខ្ញាល់ទាស់នឹងជនជាតិអ៊ីស្រាអែល
22. ព្រោះពួកគេគ្មានជំនឿលើព្រះជាម្ចាស់ពួកគេពុំបានផ្ញើជីវិតលើព្រះអង្គដែលអាចសង្គ្រោះគេនោះឡើយ។
23. ទោះជាយ៉ាងណាក្ដី ព្រះអង្គបានបង្គាប់ពពកព្រះអង្គបានបើកផ្ទៃមេឃ
24. ហើយប្រទាននំម៉ាណាធ្លាក់ចុះមកដូចភ្លៀងឲ្យពួកគេធ្វើជាអាហារគឺព្រះអង្គប្រទានស្រូវពីស្ថានសួគ៌មកឲ្យពួកគេ។
25. ពួកគេម្នាក់ៗបានបរិភោគអាហាររបស់ពួកទេវតាព្រះអង្គប្រទានឲ្យគេបរិភោគឆ្អែតទាំងអស់គ្នា។
26. នៅលើមេឃ ព្រះអង្គបានធ្វើឲ្យមានខ្យល់បក់មកពីទិសខាងកើតហើយព្រះអង្គក៏ធ្វើឲ្យមានខ្យល់បក់មកពីទិសខាងត្បូងដែរ។
27. ព្រះអង្គធ្វើឲ្យមានសាច់យ៉ាងច្រើនដូចធូលីដីធ្លាក់ពីលើមេឃមកគឺព្រះអង្គប្រទានសត្វស្លាបយ៉ាងច្រើនដូចគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ
28. ធ្លាក់ចុះមកកណ្ដាលជំរំរបស់ពួកគេជុំវិញកន្លែងដែលគេស្នាក់នៅ។
29. ពួកគេបានបរិភោគឆ្អែតស្កប់ស្កល់ដោយព្រះជាម្ចាស់ធ្វើតាមចិត្តប៉ងប្រាថ្នារបស់ពួកគេ។
30. ក៏ប៉ុន្តែ ទោះបីគេមានម្ហូបអាហារនៅពេញមាត់ក្ដីក៏ពួកគេនៅតែពុំព្រមស្កប់ចិត្តដដែល
31. ជាហេតុនាំឲ្យព្រះជាម្ចាស់ទ្រង់ព្រះពិរោធហើយប្រហារជីវិតពួកអ្នកខ្លាំងពូកែជាងគេព្រមទាំងយុវជនដែលកំពុងតែពេញកម្លាំងក្នុងចំណោមជនជាតិអ៊ីស្រាអែលផងដែរ។
32. ទោះបីយ៉ាងនេះក្ដីក៏ពួកគេនៅតែប្រព្រឹត្តអំពើបាបដដែលពួកគេពុំបានជឿលើព្រះអង្គដែលធ្វើការអស្ចារ្យទាំងនោះទេ។
33. ដូច្នេះ ព្រះអង្គក៏ប្រហារជីវិតរបស់គេតែក្នុងមួយរយៈពេលដ៏ខ្លីព្រះអង្គផ្ដាច់អាយុជីវិតរបស់គេយ៉ាងសែនវេទនាបំផុត។
34. ពេលឃើញព្រះជាម្ចាស់ប្រហារជីវិតអ្នកខ្លះក្នុងចំណោមពួកគេពួកគេក៏នាំគ្នាស្វែងរកព្រះអង្គហើយប្រែចិត្តគំនិតមករកព្រះអង្គវិញ។
35. ពួកគេនឹកឃើញថាព្រះជាម្ចាស់ជាថ្មដារបស់ពួកគេហើយថាព្រះដ៏ខ្ពង់ខ្ពស់បំផុតបានការពារពួកគេ។