1. ព្រះជាម្ចាស់អើយ ហេតុអ្វីបានជាព្រះអង្គបោះបង់ចោលយើងខ្ញុំរហូតដូច្នេះ?ហេតុអ្វីបានជាទ្រង់ព្រះពិរោធនឹងយើងខ្ញុំដែលជាប្រជារាស្ដ្រផ្ទាល់របស់ព្រះអង្គ?
2. សូមកុំបំភ្លេចប្រជារាស្ត្រដែលព្រះអង្គបានយកមកធ្វើជាកម្មសិទ្ធិរបស់ព្រះអង្គ តាំងពីដើមរៀងមកគឺប្រជារាស្ត្រដែលព្រះអង្គបានលោះយកមកធ្វើជាកុលសម្ព័ន្ធរបស់ព្រះអង្គផ្ទាល់សូមកុំបំភ្លេចភ្នំស៊ីយ៉ូនជាកន្លែងដែលព្រះអង្គគង់នៅនោះឡើយ។
3. សូមព្រះអង្គយាងមកកាន់កន្លែងដែលវិនាសខូចខាតអស់ខ្មាំងសត្រូវបានកម្ទេចបំផ្លាញអ្វីៗទាំងអស់នៅក្នុងទីសក្ការៈ
4. បច្ចាមិត្តរបស់ព្រះអង្គបាននាំគ្នាស្រែកហ៊ោនៅក្នុងកន្លែងដ៏វិសុទ្ធរបស់ព្រះអង្គហើយពួកគេបានបង្ហូតទង់ជ័យរបស់ពួកគេនៅទីនោះ។
5. ពួកគេប្រៀបបានទៅនឹងអ្នកកាប់ព្រៃដែលលើកពូថៅរបស់ខ្លួនឡើងកាប់ដើមឈើ
6. គឺពួកគេបានយកពូថៅ និងញញួរមកវាយកម្ទេចក្បាច់រចនាទាំងប៉ុន្មាន។
7. គេបានដុតទីសក្ការៈរបស់ព្រះអង្គ គេបានរំលំនិងបន្ទាបបន្ថោកព្រះដំណាក់របស់ព្រះអង្គ។
8. ពួកគេគិតគ្នាថា«យើងនឹងបង្ក្រាបសាសន៍នេះឲ្យរាបហើយដុតបំផ្លាញកន្លែងសក្ការបូជាទាំងប៉ុន្មាននៅក្នុងស្រុកនេះ!»។
9. យើងខ្ញុំលែងឃើញអ្វីដែលជាទីសម្គាល់របស់ប្រជាជាតិយើងខ្ញុំទៀតហើយរីឯព្យាការីក៏លែងមានទៀតដែរ។ក្នុងចំណោមយើងខ្ញុំ គ្មាននរណាដឹងថាយើងខ្ញុំត្រូវតែនៅដូច្នេះដល់ពេលណាឡើយ។
10. ឱព្រះជាម្ចាស់អើយ តើឲ្យបច្ចាមិត្តត្មះតិះដៀលព្រះអង្គដល់ពេលណា?តើឲ្យខ្មាំងសត្រូវប្រមាថព្រះនាមព្រះអង្គដល់កាលណាទៀត?
11. ហេតុអ្វីបានជាព្រះអង្គមិនព្រមយាងមកជួយយើងខ្ញុំហេតុអ្វីបានជាព្រះអង្គឱបដៃសំងំស្ងៀមដូច្នេះ?
12. ព្រះជាម្ចាស់អើយ ព្រះអង្គជាព្រះមហាក្សត្ររបស់ទូលបង្គំ តាំងពីដើមរៀងមកព្រះអង្គតែងតែសង្គ្រោះយើងខ្ញុំជាច្រើនលើកច្រើនសានៅក្នុងស្រុកនេះ។
13. ព្រះអង្គបានបង្ក្រាបសមុទ្រដោយសារឫទ្ធានុភាពរបស់ព្រះអង្គព្រះអង្គបានវាយកម្ទេចក្បាលនាគនៅក្នុងសមុទ្រ
14. ព្រះអង្គបានវាយកម្ទេចក្បាលស្ដេចក្រពើហើយបោះវាទៅឲ្យសត្វនានានៅវាលរហោស្ថានស៊ីជាអាហារ។
15. ព្រះអង្គបានធ្វើឲ្យមានទឹកផុសចេញពីប្រភពទឹកនានាហើយព្រះអង្គបានធ្វើឲ្យទន្លេដែលមិនចេះរីងប្រែជារីងស្ងួតទៅវិញ។