11. ពេលព្រះអម្ចាស់ចេញបញ្ជាពួកស្ត្រីដែលប្រៀបបាននឹងកងទ័ពមួយយ៉ាងធំនាំគ្នាចេញទៅប្រកាសដំណឹងថា:
12. ស្ដេចនានាបាក់ទ័ពរត់ទៅជាមួយពលទាហានរបស់ខ្លួន។ស្ត្រីៗដែលនៅក្នុងផ្ទះនាំគ្នាចែកជយភ័ណ្ឌ។
13. រីឯអ្នករាល់គ្នា ហេតុអ្វីបានជាអ្នករាល់គ្នានៅសម្រាកក្នុងជំរំដូច្នេះទៅវិញ?មើល៍! សូម្បីតែសត្វព្រាបក៏មានប្រាក់ជាប់ពេញស្លាបវាដែរហើយរោមវាចាំងចែងទៅដោយមាស។
14. នៅពេលព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតធ្វើឲ្យស្ដេចនានាបាក់ទ័ពនោះក៏មានព្រឹលធ្លាក់មកលើភ្នំសាលម៉ូនដែរ។
15. ភ្នំបាសានជាភ្នំដ៏សក្ការៈមួយភ្នំបាសានជាភ្នំដែលមានកំពូលយ៉ាងច្រើន។
16. ហេតុអ្វីបានជាភ្នំដែលមានកំពូលច្រើនច្រណែននឹងភ្នំដែលព្រះជាម្ចាស់ជ្រើសរើសសម្រាប់គង់នៅ?ពិតមែនហើយ ព្រះអម្ចាស់នឹងគង់នៅលើភ្នំនេះរហូតតទៅ។