1. ឱព្រះជាម្ចាស់អើយ!សូមប្រណីសន្ដោសទូលបង្គំផងដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណាដ៏លើសលប់សូមលើកលែងទោសឲ្យទូលបង្គំផងដ្បិតព្រះអង្គមានព្រះហឫទ័យអាណិតមេត្តាដ៏ទូលំទូលាយ។
2. សូមលុបលាងកំហុសទូលបង្គំឲ្យបានស្អាតទាំងស្រុងសូមជម្រះទូលបង្គំឲ្យបានបរិសុទ្ធ រួចពីបាប!
3. ទូលបង្គំទទួលសារភាពថាទូលបង្គំបានធ្វើខុសហើយអំពើបាបរបស់ទូលបង្គំដិតជាប់នៅក្នុងអារម្មណ៍ទូលបង្គំជានិច្ច។
4. ទូលបង្គំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអង្គ គឺទាស់នឹងព្រះអង្គតែមួយគត់ដ្បិតទូលបង្គំបានប្រព្រឹត្តអំពើមួយដែលព្រះអង្គចាត់ទុកថាជាអំពើអាក្រក់។ទោះបីព្រះអង្គកាត់ទោសទូលបង្គំយ៉ាងណាក្ដីក៏ព្រះអង្គនៅតែសុចរិតហើយទោះបីព្រះអង្គធ្វើទោសទូលបង្គំយ៉ាងណាក្ដីក៏ព្រះអង្គនៅតែឥតកំហុសដដែល។
5. ទូលបង្គំមានកំហុសតាំងពីកំណើតមកហើយទូលបង្គំមានបាបតាំងពីនៅក្នុងផ្ទៃម្ដាយមកម៉្លេះ!
6. ក៏ប៉ុន្តែ ព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្ដីពិតនៅក្នុងជម្រៅចិត្តមនុស្ស។សូមប្រោសប្រទានឲ្យទូលបង្គំមានប្រាជ្ញានៅក្នុងជម្រៅដួងចិត្តផង!
7. សូមជម្រះទូលបង្គំ ដោយស្លឹកហ៊ីសុប*នោះទូលបង្គំនឹងបានបរិសុទ្ធសូមលាងសម្អាតទូលបង្គំនោះទូលបង្គំនឹងបានសជាងសំឡីទៅទៀត។
8. សូមប្រាប់ឲ្យទូលបង្គំដឹងថាព្រះអង្គអត់ទោសទូលបង្គំហើយនោះទូលបង្គំមានអំណរសប្បាយហើយចិត្តសោកសង្រេងរបស់ទូលបង្គំនឹងបានរីករាយឡើងវិញ។
9. ព្រះអង្គអើយ សូមកុំទតមើលអំពើបាបរបស់ទូលបង្គំឡើយតែសូមលុបបំបាត់កំហុសទាំងប៉ុន្មានរបស់ទូលបង្គំទៅ។
10. ឱព្រះជាម្ចាស់អើយ!សូមប្រោសប្រទានឲ្យទូលបង្គំមានចិត្តបរិសុទ្ធសូមប្រទានចិត្តគំនិតថ្មីដ៏រឹងប៉ឹងមកទូលបង្គំផង។
11. សូមកុំបោះបង់ទូលបង្គំឲ្យនៅឆ្ងាយពីព្រះអង្គសូមកុំដកព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គចេញពីទូលបង្គំឡើយ។
12. សូមប្រោសប្រទានឲ្យទូលបង្គំមានអំណរព្រោះតែព្រះអង្គសង្គ្រោះទូលបង្គំសូមគាំទ្រទូលបង្គំដោយប្រទានឲ្យទូលបង្គំមានចិត្តទូលាយមកពីព្រះវិញ្ញាណ។