4. ព្រះអង្គកោះហៅផ្ទៃមេឃ និងផែនដីឲ្យធ្វើជាសាក្សីនៅពេលព្រះអង្គវិនិច្ឆ័យទោសប្រជារាស្ត្ររបស់ព្រះអង្គ
5. ព្រះអង្គមានព្រះបន្ទូលថា៖«ចូរប្រមូលពួកអ្នកជឿឲ្យមកជួបយើងគឺអស់អ្នកដែលបានថ្វាយយញ្ញបូជាដើម្បីចងសម្ពន្ធមេត្រីជាមួយយើង!»។
6. ផ្ទៃមេឃប្រកាសសេចក្ដីសុចរិតរបស់ព្រះអង្គដ្បិតព្រះជាម្ចាស់ផ្ទាល់ទ្រង់ជាចៅក្រម។ - សម្រាក
7. «អ្នករាល់គ្នាដែលជាប្រជារាស្ដ្ររបស់យើងអើយចូរនាំគ្នាស្ដាប់ពាក្យយើងនិយាយ!អ៊ីស្រាអែលអើយ យើងនឹងព្រមានអ្នករាល់គ្នា។យើងជាព្រះជាម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
8. យើងមិនបន្ទោសអ្នករាល់គ្នាអំពីយញ្ញបូជានិងតង្វាយដុតដែលអ្នករាល់គ្នាតែងតែយកមកថ្វាយយើងជាប្រក្រតីនោះទេ។
9. យើងមិនត្រូវការគោបាពីផ្ទះរបស់អ្នករាល់គ្នាឬក៏ពពែឈ្មោលពីក្រោលរបស់អ្នករាល់គ្នាឡើយ
10. ដ្បិតសត្វទាំងប៉ុន្មានដែលនៅក្នុងព្រៃសុទ្ធតែជារបស់យើងហើយសត្វរាប់ម៉ឺនរាប់សែនក្បាលដែលរស់នៅតាមភ្នំ ក៏ជារបស់យើង។
11. យើងស្គាល់បក្សាបក្សីទាំងប៉ុន្មានដែលរស់នៅតាមភ្នំហើយសត្វទាំងឡាយដែលរស់នៅតាមស្រែចម្ការក៏ជារបស់យើងដែរ។
12. ប្រសិនបើយើងឃ្លានយើងនឹងមិននិយាយប្រាប់អ្នករាល់គ្នាឡើយដ្បិតពិភពលោក និងអ្វីៗទាំងអស់នៅក្នុងពិភពនេះ សុទ្ធតែជាកម្មសិទ្ធិរបស់យើង។
13. តើយើងដែលបរិភោគសាច់គោបាឬ?តើយើងដែលផឹកឈាមពពែឈ្មោលឬ?
14. តង្វាយដែលអ្នករាល់គ្នាត្រូវថ្វាយព្រះជាម្ចាស់គឺពាក្យអរព្រះគុណហើយត្រូវធ្វើតាមពាក្យដែលអ្នកបានសន្យាចំពោះព្រះដ៏ខ្ពង់ខ្ពស់បំផុត។
15. នៅគ្រាមានអាសន្ន ចូរអង្វររកយើងចុះយើងនឹងរំដោះអ្នក ហើយអ្នកនឹងលើកតម្កើងសិរីរុងរឿងរបស់យើង។
16. ព្រះជាម្ចាស់មានព្រះបន្ទូលទៅកាន់មនុស្សអាក្រក់ថា៖ហេតុដូចម្ដេចបានជាអ្នកចេះតែសូត្រច្បាប់របស់យើង ហើយចេះតែទន្ទេញថាបានចងសម្ពន្ធមេត្រីជាមួយយើងដូច្នេះ?
17. ក៏ប៉ុន្តែ អ្នកពុំព្រមឲ្យយើងប្រដែប្រដៅសោះហើយក៏មិនព្រមទទួលយកពាក្យយើងដែរ។