1. ឱព្រះជាម្ចាស់អើយទូលបង្គំប្រាថ្នាចង់នៅជាមួយព្រះអង្គខ្លាំងណាស់ដូចសត្វក្តាន់ប្រាថ្នារកទឹកហូរ។
2. ខ្ញុំស្រេកឃ្លានព្រះជាម្ចាស់គឺព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅតើដល់កាលណាទើបខ្ញុំអាចទៅជិតដើម្បីថ្វាយបង្គំព្រះអង្គបាន?
3. ខ្ញុំសម្រក់ទឹកភ្នែកទាំងថ្ងៃទាំងយប់ ឥតមានល្ហែ។គេចេះតែពោលមកខ្ញុំគ្រប់ពេលគ្រប់វេលាថា«តើព្រះរបស់ឯងនៅឯណា?»។
4. ខ្ញុំស្រណោះស្រណោកក្រៃលែងនៅពេលនឹកឃើញពីគ្រាដែលខ្ញុំនាំមុខប្រជាជនមួយចំនួនធំឆ្ពោះទៅកាន់ព្រះដំណាក់របស់ព្រះអង្គពួកគេមានអំណរសប្បាយ ស្រែកហ៊ោនិងអរព្រះគុណព្រះអង្គ។
5. ខ្ញុំនិយាយមកខ្លួនឯងថា:«ឯងស្រយុតចិត្តធ្វើអ្វី ឯងថ្ងូរធ្វើអ្វីចូរផ្ញើជីវិតលើព្រះជាម្ចាស់ទៅ!»ខ្ញុំមុខជាសរសើរតម្កើងព្រះអង្គតទៅមុខទៀតព្រះអង្គសង្គ្រោះខ្ញុំ។
6. ព្រះនៃទូលបង្គំអើយទូលបង្គំស្រយុតចិត្តជាខ្លាំងហេតុនេះហើយបានជាទូលបង្គំនឹកឃើញព្រះអង្គពីកន្លែងដែលទូលបង្គំនៅនេះគឺភូមិភាគទន្លេយ័រដាន់ភ្នំហ៊ើរម៉ូន និងភ្នំមីតសារ។
7. ព្រះអង្គបានធ្វើឲ្យទុក្ខកង្វល់ធ្លាក់មកលើទូលបង្គំដូចទឹកជ្រោះហូរធ្លាក់ពីលើភ្នំលាន់ឮគគ្រឹកគគ្រេង។
8. នៅពេលថ្ងៃ ព្រះអម្ចាស់សម្តែងព្រះហឫទ័យមេត្តាករុណាចំពោះខ្ញុំនៅពេលយប់ ខ្ញុំច្រៀងបទតម្កើងព្រះអង្គបទចម្រៀងនេះជាពាក្យអធិស្ឋានចំពោះព្រះជាម្ចាស់នៃជីវិតខ្ញុំ។
9. ខ្ញុំទូលព្រះជាម្ចាស់ដែលជាថ្មដារបស់ខ្ញុំថាហេតុអ្វីបានជាព្រះអង្គបំភ្លេចទូលបង្គំ?ហេតុអ្វីបានជាទូលបង្គំត្រូវរងទុក្ខលំបាកហើយត្រូវខ្មាំងសត្រូវសង្កត់សង្កិនដូច្នេះ?
10. ខ្មាំងសត្រូវនាំគ្នាជេរប្រមាថទូលបង្គំធ្វើឲ្យទូលបង្គំឈឺចុកចាប់សព្វសព៌ាង្គកាយគេចេះតែពោលមកទូលបង្គំគ្រប់ពេលគ្រប់វេលាថា «តើព្រះរបស់ឯងនៅឯណា?»។