1. ខ្ញុំបានទន្ទឹងរង់ចាំព្រះអម្ចាស់ព្រះអង្គក៏ផ្ទៀងព្រះកាណ៌ស្ដាប់សម្រែកទូលអង្វររបស់ខ្ញុំ។
2. ព្រះអង្គបានយកខ្ញុំចេញពីរណ្ដៅ ចេញពីភក់ជ្រាំមកដាក់នៅលើថ្មដាឲ្យមានជំហរយ៉ាងរឹងប៉ឹង។
3. ព្រះអង្គបានប្រទានឲ្យខ្ញុំច្រៀងបទចម្រៀងថ្មីដើម្បីសរសើរតម្កើងព្រះរបស់យើងមនុស្សជាច្រើននឹងឃើញហើយកោតខ្លាចទៀតផងគេនឹងនាំគ្នាផ្ញើជីវិតលើព្រះអម្ចាស់។
4. មានសុភមង្គលហើយមនុស្សណាផ្ញើជីវិតលើព្រះអម្ចាស់គឺជាអ្នកមិនបែរទៅរកថ្វាយបង្គំព្រះក្លែងក្លាយដែលជាព្រះបោកបញ្ឆោត!។
5. ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយព្រះអង្គបានសម្តែងការអស្ចារ្យជាច្រើនចំពោះយើងខ្ញុំព្រះអង្គក៏មានគម្រោងការជាច្រើនសម្រាប់យើងខ្ញុំដែរ។គ្មាននរណាអាចផ្ទឹមស្មើនឹងព្រះអង្គបានទេការអស្ចារ្យទាំងនោះមានចំនួនច្រើនឥតគណនាទូលបង្គំមិនអាចពណ៌នាអស់ឡើយ។
6. ព្រះអង្គមិនចង់បានយញ្ញបូជា ឬតង្វាយអ្វីទេតែព្រះអង្គបានបើកត្រចៀកទូលបង្គំឲ្យចេះស្ដាប់ព្រះអង្គព្រះអង្គមិនទាមទារតង្វាយដុត ឬយញ្ញបូជាសុំឲ្យរួចពីបាបឡើយ។
7. ដូច្នេះ ទូលបង្គំពោលថា បពិត្រព្រះអម្ចាស់ទូលបង្គំមករកព្រះអង្គទាំងកាន់គម្ពីរដែលមានចែងទុកអំពីទូលបង្គំ។
8. ទូលបង្គំពេញចិត្តនឹងធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គហើយក្រឹត្យវិន័យរបស់ព្រះអង្គដក់នៅក្នុងដួងចិត្តទូលបង្គំជានិច្ច។
9. ទូលបង្គំបានប្រកាសឲ្យអង្គប្រជុំដ៏ធំដឹងអំពីសេចក្ដីសុចរិតរបស់ព្រះអង្គឱព្រះអម្ចាស់អើយ ព្រះអង្គជ្រាបហើយថាទូលបង្គំនឹងថ្លែងឥតឈប់ឈរឡើយ។
10. ទូលបង្គំមិនលាក់សេចក្ដីសុចរិតរបស់ព្រះអង្គទុកក្នុងចិត្តទូលបង្គំទាល់តែសោះទូលបង្គំតែងតែប្រកាសពីព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គដែលបានសង្គ្រោះទូលបង្គំទូលបង្គំពុំអាចនៅស្ងៀមមិនប្រកាសអំពីព្រះហឫទ័យមេត្តាករុណាដ៏ស្មោះត្រង់របស់ព្រះអង្គនៅកណ្ដាលអង្គប្រជុំធំបានឡើយ។
11. ឱព្រះអម្ចាស់អើយ ទូលបង្គំដឹងថាព្រះអង្គតែងតែអាណិតមេត្តាទូលបង្គំឥតឈប់សោះឡើយព្រះហឫទ័យមេត្តាករុណាដ៏ស្មោះត្រង់របស់ព្រះអង្គតែងតែតាមការពារទូលបង្គំជានិច្ច។