19. នៅគ្រាមានអាសន្ន គេនឹងមិនត្រូវអាម៉ាស់ឡើយហើយនៅគ្រាមានទុរ្ភិក្សគេនឹងបានបរិភោគឆ្អែត។
20. រីឯមនុស្សអាក្រក់ គេនឹងត្រូវវិនាសសូន្យហើយខ្មាំងសត្រូវរបស់ព្រះអម្ចាស់ក៏នឹងរលាយសូន្យទៅ ដូចវាលស្មៅខៀវខ្ចីដែលឆេះរលាយសូន្យទៅជាផ្សែងដែរ។
21. មនុស្សអាក្រក់ខ្ចីអ្វីៗពីគេហើយមិនដែលសងវិញឡើយរីឯមនុស្សសុចរិតវិញ តែងតែមានចិត្តទូលាយនិងចេះឲ្យរបស់របរទៅអ្នកដទៃ។
22. អស់អ្នកដែលព្រះអម្ចាស់ប្រទានពរនឹងទទួលទឹកដីជាមត៌ករីឯអ្នកដែលព្រះអង្គដាក់បណ្ដាសាវិញនឹងត្រូវកាត់កាល់ចោល។
23. ព្រះអម្ចាស់ពង្រឹងជំហានរបស់មនុស្សឲ្យបានមាំមួនហើយព្រះអង្គគាប់ព្រះហឫទ័យនឹងមាគ៌ារបស់គេ។
24. ប្រសិនបើអ្នកនោះភ្លាត់ជើងគេនឹងមិនដួលដល់ដីឡើយព្រោះព្រះអម្ចាស់កាន់ដៃគេជាប់។
25. តាំងពីខ្ញុំនៅក្មេង រហូតមកទល់ពេលខ្ញុំចាស់នេះខ្ញុំមិនដែលឃើញព្រះអម្ចាស់បោះបង់ចោលមនុស្សសុចរិតឡើយ ហើយក៏មិនដែលឃើញកូនចៅរបស់គេសុំទានដែរ។
26. មនុស្សសុចរិតតែងតែមានចិត្តអាណិតមេត្តានិងចេះឲ្យរបស់របរទៅអ្នកដទៃខ្ចីគេបានទទួលកូនចៅទុកជាព្រះពរ។
27. ចូរចៀសវាងអំពើអាក្រក់ ហើយប្រព្រឹត្តតែអំពើល្អធ្វើដូច្នេះ អ្នកនឹងរស់នៅលើទឹកដីនេះរហូតតទៅ
28. ដ្បិតព្រះអម្ចាស់សព្វព្រះហឫទ័យនឹងការអ្វីដែលត្រឹមត្រូវ ព្រះអង្គថែរក្សាអស់អ្នកដែលជឿលើព្រះអង្គជានិច្ចព្រះអង្គមិនបោះបង់ពួកគេឡើយតែព្រះអង្គកាត់កាល់ពូជពង្សរបស់មនុស្សអាក្រក់ឲ្យវិនាសសាបសូន្យ។
29. មនុស្សសុចរិតនឹងទទួលទឹកដីជាមត៌កហើយគេនឹងរស់នៅលើទឹកដីនោះរហូតតទៅ។
30. មនុស្សសុចរិតតែងតែស្រដីចេញមកនូវពាក្យពេចន៍ប្រកបដោយប្រាជ្ញា។ហើយអណ្ដាតរបស់គេគ្រលាស់ចេញមកនូវអ្វីដែលត្រឹមត្រូវ
31. ក្រឹត្យវិន័យរបស់ព្រះអម្ចាស់ដក់នៅក្នុងដួងចិត្តរបស់គេ ហើយគេនឹងមិនឃ្លាតចាកពីមាគ៌ារបស់ព្រះអង្គឡើយ។
32. មនុស្សអាក្រក់ឃ្លាំមើលមនុស្សសុចរិតហើយរកមធ្យោបាយចាំសម្លាប់គេផង។
33. ប៉ុន្តែ ព្រះអម្ចាស់មិនបោះបង់មនុស្សសុចរិតឲ្យធ្លាក់ក្នុងកណ្ដាប់ដៃរបស់មនុស្ស អាក្រក់ឡើយហើយប្រសិនបើគេកាត់ក្ដីមនុស្សសុចរិតទ្រង់ក៏មិនបណ្ដោយឲ្យគេដាក់ទោសបានដែរ។
34. ចូរសង្ឃឹមទុកចិត្តលើព្រះអម្ចាស់ហើយកាន់តាមមាគ៌ារបស់ព្រះអង្គទៅនោះព្រះអង្គនឹងលើកកិត្តិយសអ្នកឡើងឲ្យគ្រប់គ្រងទឹកដីជាមត៌កហើយអ្នកនឹងឃើញមនុស្សអាក្រក់ត្រូវកាត់កាល់ចោល។
35. ខ្ញុំធ្លាប់ឃើញមនុស្សអាក្រក់ប្រើអំណាចផ្ដាច់ការគេរីកចម្រើនឡើងដូចដើមឈើមានស្លឹកខៀវខ្ចីបែកមែកសាខា។
36. ក្រោយមក គេរលាយបាត់សូន្យទៅខ្ញុំខំរកមើលគេ តែរកមិនឃើញសោះ។
37. ចូរសង្កេតមើលមនុស្សទៀងត្រង់ដែលគ្មានចិត្តវៀចវេរ មនុស្សសន្សំសុខតែងតែមានអនាគតរុងរឿងជានិច្ច។
38. រីឯមនុស្សបាបវិញ នឹងត្រូវវិនាសសូន្យអស់ទៅហើយមនុស្សទមិឡ នឹងគ្មានអនាគតភ្លឺស្វាងសោះឡើយ។
39. ព្រះអម្ចាស់តែងតែសង្គ្រោះមនុស្សសុចរិតហើយព្រះអង្គជាកំពែងការពារគេនៅគ្រាមានអាសន្ន។