3. ប៉ុន្តែ ព្រះអង្គជាព្រះដ៏វិសុទ្ធដែលគង់នៅលើបល្ល័ង្កហើយជនជាតិអ៊ីស្រាអែលតែងនាំគ្នាសរសើរតម្កើងព្រះអង្គ។
4. បុព្វបុរសរបស់យើងខ្ញុំតែងតែផ្ញើជីវិតលើព្រះអង្គពួកលោកផ្ញើជីវិតលើព្រះអង្គជានិច្ចហើយព្រះអង្គក៏បានរំដោះពួកលោក។
5. ពួកលោកបានស្រែកអង្វររកព្រះអង្គពួកលោកក៏បានរួចពីខ្មាំងសត្រូវដោយផ្ញើជីវិតលើព្រះអង្គពួកលោកនឹងមិនខកចិត្តសោះឡើយ។
6. រីឯទូលបង្គំវិញគេលែងចាត់ទុកទូលបង្គំថាជាមនុស្សទៀតហើយគឺគេចាត់ទុកជាជន្លេនមនុស្សម្នានាំគ្នាជេរប្រមាថហើយមាក់ងាយទូលបង្គំ។
7. អស់អ្នកដែលឃើញទូលបង្គំគេចំអកឲ្យទូលបង្គំគ្រប់ៗគ្នាគេពេបជ្រាយដាក់ទូលបង្គំព្រមទាំងគ្រវីក្បាលដាក់ទូលបង្គំផង។
8. គេពោលថា “គាត់ផ្ញើវាសនាលើព្រះអម្ចាស់ហើយឲ្យព្រះអង្គរំដោះគាត់ទៅបើព្រះអង្គស្រឡាញ់គាត់ឲ្យព្រះអង្គសង្គ្រោះគាត់ទៅ!”។
9. ព្រះអម្ចាស់អើយព្រះអង្គបានយកទូលបង្គំចេញពីផ្ទៃម្ដាយមកហើយព្រះអង្គបានផ្ញើទូលបង្គំទៅឲ្យអ្នកម្ដាយបំបៅ។
10. កាលពីទូលបង្គំកើតមកព្រះអង្គបានទទួលទូលបង្គំធ្វើជាកូនព្រះអង្គជាព្រះរបស់ទូលបង្គំតាំងតែពីមុនពេលដែលទូលបង្គំស្គាល់ពន្លឺថ្ងៃទៅទៀត។
11. ពេលនេះ ទូលបង្គំមានភ័យអាសន្នគ្មាននរណាជួយទូលបង្គំទេសូមកុំគង់នៅឆ្ងាយពីទូលបង្គំឡើយ។
12. សត្រូវរបស់ទូលបង្គំជាច្រើននាក់ឡោមព័ទ្ធទូលបង្គំ អ្នកទាំងនោះប្រៀបបានទៅនឹងគោបាពួកគេនៅជុំវិញទូលបង្គំដូចគោបាមកពីស្រុកបាសាន។
13. ពួកគេបើកមាត់ប្រឆាំងនឹងទូលបង្គំដូចសត្វសិង្ហគ្រហឹមបម្រុងនឹងហែកស៊ី។
14. កម្លាំងរបស់ទូលបង្គំកាន់តែខ្សោយទៅៗប្រៀបដូចជាទឹកហូរមិនត្រឡប់វិញឡើយឆ្អឹងទូលបង្គំទាំងប៉ុន្មានដាច់ចេញពីគ្នាហើយទឹកចិត្តក្លាហានរបស់ទូលបង្គំរលាយបាត់អស់ទៅដូចក្រមួនត្រូវថ្ងៃ។
15. បំពង់ករបស់ទូលបង្គំស្ងួតដូចដីបែកក្រហែងអណ្ដាតទូលបង្គំស្អិតជាប់នឹងកន្លើតព្រះអង្គបានទុកឲ្យទូលបង្គំស្លាប់ក្នុងធូលីដី។
16. មានពួកឆ្កែឡោមព័ទ្ធទូលបង្គំជនទុយ៌សមួយហ្វូងនាំគ្នាក្រវែលជុំវិញទូលបង្គំពួកគេចាក់ទម្លុះដៃជើងទូលបង្គំ។
17. ទូលបង្គំអាចរាប់ឆ្អឹងជំនីរទាំងប៉ុន្មានរបស់ទូលបង្គំបានហើយសត្រូវរបស់ទូលបង្គំនាំគ្នាសម្លក់សម្លឹងមើលទូលបង្គំ។