7. ពេលនោះ ផែនដីក៏កក្រើកញាប់ញ័រភ្នំទាំងឡាយត្រូវរង្គើរហូតដល់គ្រឹះរបស់វាហើយកក្រើកដោយសារព្រះអង្គទ្រង់ព្រះពិរោធ។
8. មានផ្សែងហុយចេញមកពីព្រះនាសារបស់ព្រះអង្គព្រះអង្គផ្លុំភ្លើងដែលឆាបឆេះចេញមកហើយក៏មានរងើកភ្លើងខ្ទាតចេញមកពីព្រះឱស្ឋរបស់ព្រះអង្គដែរ។
9. ព្រះអង្គបានផ្អៀងផ្ទៃមេឃ ទ្រង់យាងចុះមកដោយមានពពកយ៉ាងក្រាស់នៅពីក្រោមព្រះបាទាផង។
10. ព្រះអង្គយាងគង់លើចេរូប៊ីន* ហើយហោះមកព្រះអង្គគង់នៅលើវាយោដូចគង់នៅលើស្លាបបក្សី។
11. ព្រះអង្គយកភាពងងឹតធ្វើជាកន្លែងពួនហើយយកពពកខ្មៅក្រាស់ពេញទៅដោយទឹកធ្វើជាព្រះពន្លា។
12. មានផ្លេកបន្ទោរចេញមកពីពពកភ្លឺនៅខាងមុខព្រះអង្គហើយមានព្រឹល និងរងើកភ្លើងធ្លាក់ចុះមក។
13. ព្រះអម្ចាស់ធ្វើឲ្យមានស្នូរផ្គរលាន់នៅលើមេឃព្រះដ៏ខ្ពង់ខ្ពស់បំផុតបន្លឺព្រះសូរសៀង។
14. ព្រះអង្គបាញ់ព្រួញរបស់ព្រះអង្គទៅលើខ្មាំងសត្រូវដើម្បីកំចាត់កំចាយពួកគេ។ព្រះអង្គបាញ់ផ្លេកបន្ទោរធ្វើឲ្យពួកគេបាក់ទ័ព។
15. ឱព្រះអម្ចាស់អើយព្រះបន្ទូលគំរាមរបស់ព្រះអង្គ និងខ្យល់ព្យុះដែលបក់ចេញមកពីព្រះនាសារបស់ព្រះអង្គបានធ្វើឲ្យបាតសមុទ្រលេចចេញមកហើយគ្រឹះរបស់ផែនដីក៏លេចមកដែរ។
16. ព្រះអង្គបានលាតព្រះហស្ដពីស្ថានលើមករកខ្ញុំព្រះអង្គស្រង់ខ្ញុំចេញឲ្យផុតពីទឹកសមុទ្រ
17. ព្រះអង្គបានរំដោះខ្ញុំឲ្យរួចផុតពីខ្មាំងសត្រូវដ៏ខ្លាំងពូកែហើយឲ្យខ្ញុំរួចផុតពីអស់អ្នកដែលស្អប់ខ្ញុំព្រមទាំងអស់អ្នកដែលមានកម្លាំងខ្លាំងជាងខ្ញុំផង។
18. នៅពេលខ្ញុំមានទុក្ខវេទនាអ្នកទាំងនោះនាំគ្នាមកវាយប្រហារខ្ញុំក៏ប៉ុន្តែ ព្រះអម្ចាស់ធ្វើជាបង្អែករបស់ខ្ញុំ។
19. ព្រះអង្គបាននាំខ្ញុំចេញឲ្យផុតពីគ្រោះថ្នាក់ព្រះអង្គរំដោះខ្ញុំ មកពីព្រះអង្គស្រឡាញ់ខ្ញុំ។
20. ព្រះអម្ចាស់បានប្រព្រឹត្តចំពោះខ្ញុំស្របតាមសេចក្ដីសុចរិតរបស់ខ្ញុំព្រះអង្គតបស្នងមកខ្ញុំវិញស្របតាមអំពើបរិសុទ្ធដែលខ្ញុំបានប្រព្រឹត្តដែរ
21. ដ្បិតខ្ញុំបានប្រតិបត្តិតាមមាគ៌ារបស់ព្រះអម្ចាស់ហើយខ្ញុំមិនបានឃ្លាតចេញពីព្រះរបស់ខ្ញុំដោយប្រព្រឹត្តអំពើអាក្រក់នោះឡើយ។
22. ខ្ញុំបានប្រព្រឹត្តតាមវិន័យទាំងប៉ុន្មានរបស់ព្រះអង្គ ខ្ញុំមិនបានបំពានលើបញ្ញត្តិរបស់ព្រះអង្គទេ។
23. ព្រះអង្គជ្រាបថាខ្ញុំគ្មានសៅហ្មងហើយខ្ញុំបានប្រយ័ត្នខ្លួនមិនឲ្យមានកំហុសឡើយ។
24. ព្រះអម្ចាស់ប្រោសប្រណីដល់ខ្ញុំស្របតាមអំពើសុចរិតដែលខ្ញុំបានប្រព្រឹត្តព្រោះព្រះអង្គឈ្វេងយល់ថាខ្ញុំប្រព្រឹត្តអំពើបរិសុទ្ធ។