32. ព្រះជាម្ចាស់ប្រទានឲ្យខ្ញុំមានកម្លាំងនិងប្រទានឲ្យមាគ៌ារបស់ខ្ញុំបានល្អឥតខ្ចោះ។
33. ព្រះអង្គប្រោសប្រទានឲ្យខ្ញុំរត់លឿនដូចសត្វក្ដាន់ហើយឲ្យខ្ញុំអាចឈរនៅទីខ្ពស់។
34. ព្រះអង្គបង្ហាត់ខ្ញុំឲ្យស្ទាត់ជំនាញខាងធ្វើសឹកនិងឲ្យខ្ញុំមានកម្លាំងយឹតធ្នូលង្ហិនបាន។
35. ឱព្រះអម្ចាស់អើយព្រះអង្គការពារ និងសង្គ្រោះទូលបង្គំព្រះអង្គគាំទ្រទូលបង្គំដោយឫទ្ធិបារមីរបស់ព្រះអង្គហើយព្រះអង្គលើកទូលបង្គំឡើងដោយព្រះហឫទ័យមេត្តា។
36. ព្រះអង្គការពារទូលបង្គំមិនឲ្យខ្មាំងសត្រូវដេញទាន់មិនឲ្យទូលបង្គំភ្លាត់ជើងដួលឡើយ។
37. ទូលបង្គំដេញតាមពួកខ្មាំងសត្រូវនិងចាប់ពួកគេបានហើយទូលបង្គំមិនត្រឡប់មកវិញទេដរាបទាល់តែបានកម្ទេចពួកគេអស់។
38. ទូលបង្គំកាប់សម្លាប់ពួកគេមិនឲ្យពួកគេក្រោកឡើងវិញបានឡើយពួកគេដួលស្លាប់នៅនឹងជើងរបស់ទូលបង្គំ។
39. ព្រះអង្គប្រទានឲ្យទូលបង្គំមានកម្លាំងនឹងធ្វើសឹក និងមានជ័យជំនះលើខ្មាំងសត្រូវ។
40. ព្រះអង្គបានធ្វើឲ្យពួកគេបាក់ទ័ពរត់នៅមុខទូលបង្គំហើយទូលបង្គំបានធ្វើឲ្យអស់អ្នកដែលស្អប់ទូលបង្គំវិនាសសូន្យអស់ទៅ។
41. គេនាំគ្នាស្រែករកជំនួយតែគ្មាននរណាជួយពួកគេសោះគេស្រែកហៅព្រះអម្ចាស់តែព្រះអង្គមិនឆ្លើយតបនឹងពួកគេឡើយ។
42. ទូលបង្គំបានកម្ទេចពួកគេឲ្យហ្មត់ដូចធូលីដីដែលត្រូវខ្យល់ផាត់ទូលបង្គំបានបោសពួកគេដូចភក់ជ្រាំនៅតាមផ្លូវ។
43. ព្រះអង្គបានរំដោះទូលបង្គំឲ្យរួចពីការបះបោររបស់ប្រជាជនហើយតែងតាំងទូលបង្គំឲ្យធ្វើជាអ្នកដឹកនាំប្រជាជាតិនានាប្រជាជនមួយដែលទូលបង្គំមិនស្គាល់បានមកចុះចូលនឹងទូលបង្គំ។
44. ជនបរទេសនាំគ្នាស្ដាប់បង្គាប់ទូលបង្គំហើយពេលទូលបង្គំនិយាយតែមួយម៉ាត់គេក៏ធ្វើតាមភ្លាម។