ទំនុក‌តម្កើង 18:31-46 Khmer Standard Version (KHSV)

31. មាន​តែ​ព្រះ‌អម្ចាស់​មួយ​គត់ដែល​ពិត​ជា​ព្រះ‌ជាម្ចាស់មាន​តែ​ព្រះ​របស់​យើង​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះដែល​ពិត​ជា​ថ្ម‌ដា​សម្រាប់​ឲ្យ​យើង​ជ្រក​កោន។

32. ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កម្លាំងនិង​ប្រទាន​ឲ្យ​មាគ៌ា​របស់​ខ្ញុំ​បាន​ល្អ​ឥត​ខ្ចោះ។

33. ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំរត់​លឿន​ដូច​សត្វ​ក្ដាន់ហើយ​ឲ្យ​ខ្ញុំ​អាច​ឈរ​នៅ​ទី​ខ្ពស់។

34. ព្រះ‌អង្គ​បង្ហាត់​ខ្ញុំ​ឲ្យ​ស្ទាត់​ជំនាញ​ខាង​ធ្វើ​សឹកនិង​ឲ្យ​ខ្ញុំ​មាន​កម្លាំង​យឹត​ធ្នូ​លង្ហិន​បាន។

35. ឱ​ព្រះ‌អម្ចាស់​អើយព្រះ‌អង្គ​ការពារ និង​សង្គ្រោះ​ទូលបង្គំព្រះ‌អង្គ​គាំទ្រ​ទូលបង្គំដោយ​ឫទ្ធិ‌បារមី​របស់​ព្រះ‌អង្គហើយ​ព្រះ‌អង្គ​លើក​ទូលបង្គំ​ឡើងដោយ​ព្រះ‌ហឫទ័យ​មេត្តា។

36. ព្រះ‌អង្គ​ការពារ​ទូលបង្គំមិន​ឲ្យ​ខ្មាំង​សត្រូវ​ដេញ​ទាន់មិន​ឲ្យ​ទូលបង្គំ​ភ្លាត់​ជើង​ដួល​ឡើយ។

37. ទូលបង្គំ​ដេញ​តាម​ពួក​ខ្មាំង​សត្រូវនិង​ចាប់​ពួក​គេ​បានហើយ​ទូលបង្គំ​មិន​ត្រឡប់​មក​វិញ​ទេដរាប​ទាល់​តែ​បាន​កម្ទេច​ពួក​គេ​អស់។

38. ទូលបង្គំ​កាប់​សម្លាប់​ពួក​គេមិន​ឲ្យ​ពួក​គេ​ក្រោក​ឡើង​វិញ​បាន​ឡើយពួក​គេ​ដួល​ស្លាប់​នៅ​នឹង​ជើង​របស់​ទូលបង្គំ។

39. ព្រះ‌អង្គ​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​កម្លាំងនឹង​ធ្វើ​សឹក និង​មាន​ជ័យ‌ជំនះ​លើ​ខ្មាំង​សត្រូវ។

40. ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ពួក​គេ​បាក់​ទ័ពរត់​នៅ​មុខ​ទូលបង្គំហើយ​ទូលបង្គំ​បាន​ធ្វើ​ឲ្យ​អស់​អ្នកដែល​ស្អប់​ទូលបង្គំ​វិនាស​សូន្យ​អស់​ទៅ។

41. គេ​នាំ​គ្នា​ស្រែក​រក​ជំនួយតែ​គ្មាន​នរណា​ជួយ​ពួក​គេ​សោះគេ​ស្រែក​ហៅ​ព្រះ‌អម្ចាស់តែ​ព្រះ‌អង្គ​មិន​ឆ្លើយ​តប​នឹង​ពួក​គេ​ឡើយ។

42. ទូលបង្គំ​បាន​កម្ទេច​ពួក​គេ​ឲ្យ​ហ្មត់ដូច​ធូលី​ដី​ដែល​ត្រូវ​ខ្យល់​ផាត់ទូលបង្គំ​បាន​បោស​ពួក​គេដូច​ភក់​ជ្រាំ​នៅ​តាម​ផ្លូវ។

43. ព្រះ‌អង្គ​បាន​រំដោះ​ទូលបង្គំ​ឲ្យ​រួចពី​ការ​បះ‌បោរ​របស់​ប្រជា‌ជនហើយ​តែង‌តាំង​ទូលបង្គំឲ្យ​ធ្វើ​ជា​អ្នក​ដឹក​នាំ​ប្រជា‌ជាតិ​នានាប្រជា‌ជន​មួយ​ដែល​ទូលបង្គំ​មិន​ស្គាល់បាន​មក​ចុះ​ចូល​នឹង​ទូលបង្គំ។

44. ជន​បរទេស​នាំ​គ្នា​ស្ដាប់​បង្គាប់​ទូលបង្គំហើយ​ពេល​ទូលបង្គំ​និយាយ​តែ​មួយ​ម៉ាត់គេ​ក៏​ធ្វើ​តាម​ភ្លាម។

45. ជន​បរទេស​បាក់​ទឹក​ចិត្តហើយ​ចេញ​ពី​ទី​ជម្រក​របស់​គេ​មកទាំង​ភ័យ​ញាប់‌ញ័រ។

46. ជយោ​ព្រះ‌អម្ចាស់! សូម​សរសើរ​តម្កើង​ព្រះ‌អង្គដែល​ជា​ថ្ម‌ដា​របស់​ទូលបង្គំ!សូម​លើក​តម្កើង​ព្រះ‌ជាម្ចាស់ដែល​បាន​សង្គ្រោះ​ទូលបង្គំ!

ទំនុក‌តម្កើង 18