15. ឱព្រះអម្ចាស់អើយព្រះបន្ទូលគំរាមរបស់ព្រះអង្គ និងខ្យល់ព្យុះដែលបក់ចេញមកពីព្រះនាសារបស់ព្រះអង្គបានធ្វើឲ្យបាតសមុទ្រលេចចេញមកហើយគ្រឹះរបស់ផែនដីក៏លេចមកដែរ។
16. ព្រះអង្គបានលាតព្រះហស្ដពីស្ថានលើមករកខ្ញុំព្រះអង្គស្រង់ខ្ញុំចេញឲ្យផុតពីទឹកសមុទ្រ
17. ព្រះអង្គបានរំដោះខ្ញុំឲ្យរួចផុតពីខ្មាំងសត្រូវដ៏ខ្លាំងពូកែហើយឲ្យខ្ញុំរួចផុតពីអស់អ្នកដែលស្អប់ខ្ញុំព្រមទាំងអស់អ្នកដែលមានកម្លាំងខ្លាំងជាងខ្ញុំផង។
18. នៅពេលខ្ញុំមានទុក្ខវេទនាអ្នកទាំងនោះនាំគ្នាមកវាយប្រហារខ្ញុំក៏ប៉ុន្តែ ព្រះអម្ចាស់ធ្វើជាបង្អែករបស់ខ្ញុំ។
19. ព្រះអង្គបាននាំខ្ញុំចេញឲ្យផុតពីគ្រោះថ្នាក់ព្រះអង្គរំដោះខ្ញុំ មកពីព្រះអង្គស្រឡាញ់ខ្ញុំ។
20. ព្រះអម្ចាស់បានប្រព្រឹត្តចំពោះខ្ញុំស្របតាមសេចក្ដីសុចរិតរបស់ខ្ញុំព្រះអង្គតបស្នងមកខ្ញុំវិញស្របតាមអំពើបរិសុទ្ធដែលខ្ញុំបានប្រព្រឹត្តដែរ
21. ដ្បិតខ្ញុំបានប្រតិបត្តិតាមមាគ៌ារបស់ព្រះអម្ចាស់ហើយខ្ញុំមិនបានឃ្លាតចេញពីព្រះរបស់ខ្ញុំដោយប្រព្រឹត្តអំពើអាក្រក់នោះឡើយ។
22. ខ្ញុំបានប្រព្រឹត្តតាមវិន័យទាំងប៉ុន្មានរបស់ព្រះអង្គ ខ្ញុំមិនបានបំពានលើបញ្ញត្តិរបស់ព្រះអង្គទេ។
23. ព្រះអង្គជ្រាបថាខ្ញុំគ្មានសៅហ្មងហើយខ្ញុំបានប្រយ័ត្នខ្លួនមិនឲ្យមានកំហុសឡើយ។
24. ព្រះអម្ចាស់ប្រោសប្រណីដល់ខ្ញុំស្របតាមអំពើសុចរិតដែលខ្ញុំបានប្រព្រឹត្តព្រោះព្រះអង្គឈ្វេងយល់ថាខ្ញុំប្រព្រឹត្តអំពើបរិសុទ្ធ។
25. ព្រះអម្ចាស់អើយព្រះអង្គសម្តែងព្រះហឫទ័យស្មោះត្រង់ចំពោះអ្នកដែលមានចិត្តស្មោះត្រង់ព្រះអង្គសម្តែងព្រះហឫទ័យស្មោះសរចំពោះអ្នកដែលមានចិត្តស្មោះសរ។
26. ចំពោះអ្នកដែលមានចិត្តបរិសុទ្ធព្រះអង្គក៏សម្តែងថា ព្រះអង្គបរិសុទ្ធដែរចំពោះអ្នកដែលមានចិត្តវៀចវេរវិញព្រះអង្គសម្តែងថាព្រះអង្គឈ្លាសវៃ
27. ដ្បិតព្រះអង្គហើយដែលសង្គ្រោះមនុស្សទន់ទាបនិងបន្ទាបអស់អ្នកដែលមានចិត្តឆ្មើងឆ្មៃ។
28. ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយព្រះអង្គជាពន្លឺរបស់ទូលបង្គំហើយព្រះអង្គក៏បំភ្លឺសេចក្ដីងងឹតរបស់ទូលបង្គំដែរ។
29. ព្រះអង្គប្រទានកម្លាំងឲ្យទូលបង្គំវាយលុកខ្មាំងសត្រូវនិងឲ្យទូលបង្គំអាចលោតរំលងកំពែងក្រុងរបស់ពួកគេ។
30. មាគ៌ារបស់ព្រះជាម្ចាស់សុទ្ធតែល្អឥតខ្ចោះព្រះបន្ទូលសន្យារបស់ព្រះអម្ចាស់ពិតទាំងស្រុងព្រះអង្គជាខែលការពារអស់អ្នកដែលមកជ្រកកោនជាមួយព្រះអង្គ។
31. មានតែព្រះអម្ចាស់មួយគត់ដែលពិតជាព្រះជាម្ចាស់មានតែព្រះរបស់យើងមួយព្រះអង្គប៉ុណ្ណោះដែលពិតជាថ្មដាសម្រាប់ឲ្យយើងជ្រកកោន។
32. ព្រះជាម្ចាស់ប្រទានឲ្យខ្ញុំមានកម្លាំងនិងប្រទានឲ្យមាគ៌ារបស់ខ្ញុំបានល្អឥតខ្ចោះ។
33. ព្រះអង្គប្រោសប្រទានឲ្យខ្ញុំរត់លឿនដូចសត្វក្ដាន់ហើយឲ្យខ្ញុំអាចឈរនៅទីខ្ពស់។