1. ហាលេលូយ៉ា!ស្មូត្រទំនុកតម្កើងថ្វាយព្រះនៃយើង ជាការល្អប្រពៃណាស់សរសើរតម្កើងព្រះអង្គជាការមួយដ៏សប្បាយ ហើយប្រសើរបំផុត។
2. ព្រះអម្ចាស់សង់ក្រុងយេរូសាឡឹមឡើងវិញព្រះអង្គនាំជនជាតិអ៊ីស្រាអែលដែលខ្ចាត់ខ្ចាយឲ្យត្រឡប់មកវិញ។
3. ព្រះអង្គប្រោសអ្នកដែលមានចិត្តគ្រាំគ្រាឲ្យបានធូរស្បើយ ព្រះអង្គរុំរបួសឲ្យគេ។
4. ព្រះអង្គរាប់ចំនួនផ្កាយទាំងប៉ុន្មានហើយព្រះអង្គដាក់ឈ្មោះឲ្យផ្កាយទាំងនោះ។
5. ព្រះរបស់យើងធំឧត្ដុង្គឧត្ដមព្រះអង្គមានព្រះចេស្ដាដ៏ខ្លាំងបំផុតព្រះតម្រិះរបស់ព្រះអង្គឥតមានព្រំដែនឡើយ។
6. ព្រះអម្ចាស់ជួយគាំទ្រជនក្រីក្រតែព្រះអង្គបន្ទាបមនុស្សអាក្រក់ដល់ដី។
7. ចូរនាំគ្នាច្រៀងអរព្រះគុណព្រះអម្ចាស់ចូរស្មូត្រទំនុកតម្កើងថ្វាយព្រះនៃយើងទាំងដេញពិណកំដរផង!
8. ព្រះអង្គធ្វើឲ្យមានពពកបាំងបិទផ្ទៃមេឃព្រះអង្គរៀបចំឲ្យមានភ្លៀងធ្លាក់មកលើផែនដីព្រះអង្គធ្វើឲ្យមានស្មៅដុះនៅតាមភ្នំ
9. ព្រះអង្គប្រទានចំណីដល់សត្វពាហនៈហើយពេលកូនក្អែកយំព្រះអង្គក៏ប្រទានចំណីដល់វាដែរ។
10. ព្រះអង្គមិនសព្វព្រះហឫទ័យនឹងកម្លាំងរបស់សេះទេហើយព្រះអង្គក៏មិនរវីរវល់នឹងកម្លាំងកាយរបស់មនុស្សដែរ
11. តែព្រះអង្គគាប់ព្រះហឫទ័យនឹងអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គគឺអស់អ្នកដែលផ្ញើជីវិតលើព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ។
12. ក្រុងយេរូសាឡឹមអើយចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះអម្ចាស់!ក្រុងស៊ីយ៉ូនអើយចូរសរសើរតម្កើងព្រះរបស់អ្នក!