6. បើព្រះអម្ចាស់សព្វព្រះហឫទ័យធ្វើការអ្វីព្រះអង្គនឹងសម្រេចការនោះនៅលើផ្ទៃមេឃ និងផែនដី នៅក្នុងសមុទ្រនិងនៅក្នុងទីជម្រៅនៃបាតសមុទ្រ។
7. ព្រះអង្គនាំពពកចេញពីជើងមេឃព្រះអង្គធ្វើឲ្យមានផ្លេកបន្ទោរដើម្បីឲ្យភ្លៀងធ្លាក់ហើយព្រះអង្គក៏បានបញ្ចេញខ្យល់ឲ្យបក់បោកមកដែរ។
8. ព្រះអង្គបានប្រហារកូនច្បងទាំងឡាយនៅស្រុកអេស៊ីបគឺចាប់តាំងពីមនុស្ស រហូតដល់សត្វពាហនៈ។
9. ព្រះអង្គសម្តែងទីសម្គាល់និងឫទ្ធិបាដិហារិយ៍ផ្សេងៗ នៅស្រុកអេស៊ីបដើម្បីដាក់ទោសព្រះចៅផារ៉ោននិងមន្ត្រីទាំងប៉ុន្មានរបស់ស្ដេច។
10. ព្រះអង្គបានវាយប្រហារប្រជាជាតិជាច្រើនព្រះអង្គបានប្រហារជីវិតស្ដេចដ៏ខ្លាំងពូកែ
11. គឺព្រះបាទស៊ីហុនជាស្ដេចស្រុកអាម៉ូរីព្រះបាទអុកជាស្ដេចស្រុកបាសាននិងស្ដេចទាំងប៉ុន្មានរបស់ជនជាតិកាណាន
12. ហើយព្រះអង្គប្រគល់ទឹកដីរបស់ពួកគេឲ្យអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គទុកជាមត៌ក។
13. ឱព្រះអម្ចាស់អើយ ព្រះនាមរបស់ព្រះអង្គនៅគង់វង្សរហូតតទៅឱព្រះអម្ចាស់អើយ ព្រះកិត្តិនាមរបស់ព្រះអង្គល្បីល្បាញអស់កល្បជាអង្វែងតរៀងទៅ
14. ដ្បិតព្រះអង្គរកយុត្តិធម៌ឲ្យប្រជារាស្ត្ររបស់ព្រះអង្គហើយព្រះអង្គអាណិតអាសូរអ្នកបម្រើរបស់ព្រះអង្គ។
15. ព្រះរបស់ប្រជាជាតិនានាសុទ្ធតែជាព្រះក្លែងក្លាយធ្វើពីមាស ពីប្រាក់ដែលជាស្នាដៃរបស់មនុស្ស។
16. ព្រះទាំងនោះមានមាត់ តែមិនចេះនិយាយមានភ្នែក តែមើលមិនឃើញ
17. មានត្រចៀក តែស្ដាប់មិនឮព្រះទាំងនោះគ្មានដង្ហើមចេញចូលទេ។
18. សូមឲ្យអស់អ្នកដែលបានសូនធ្វើរូបព្រះក្លែងក្លាយហើយដែលផ្ញើជីវិតលើព្រះទាំងនោះបានដូចរូបព្រះទាំងនោះដែរ។
19. ជនជាតិអ៊ីស្រាអែលអើយចូរសរសើរតម្កើងព្រះអម្ចាស់ក្រុមគ្រួសាររបស់លោកអើរ៉ុនអើយចូរសរសើរតម្កើងព្រះអម្ចាស់