93. ទូលបង្គំនឹងមិនភ្លេចព្រះឱវាទរបស់ព្រះអង្គសោះឡើយដ្បិតព្រះអង្គធ្វើឲ្យទូលបង្គំមានជីវិតឡើងវិញដោយសារព្រះឱវាទទាំងនេះ។
94. ទូលបង្គំនៅក្រោមឱវាទរបស់ព្រះអង្គហើយសូមសង្គ្រោះទូលបង្គំផង!ដ្បិតទូលបង្គំយកចិត្តទុកដាក់នឹងព្រះឱវាទរបស់ព្រះអង្គ។
95. មនុស្សអាក្រក់រង់ចាំប្រហារជីវិតទូលបង្គំតែទូលបង្គំចាប់ចិត្តនឹងដំបូន្មានរបស់ព្រះអង្គ។
96. ទូលបង្គំឃើញថាសូម្បីអ្វីៗដ៏ល្អឥតខ្ចោះក៏នឹងមានទីបញ្ចប់ដែរប៉ុន្តែ បទបញ្ជារបស់ព្រះអង្គទូលំទូលាយឥតមានព្រំដែនសោះឡើយ។
97. ទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះអង្គខ្លាំងណាស់ទូលបង្គំសញ្ជឹងគិតអំពីក្រឹត្យវិន័យនេះជារៀងរាល់ថ្ងៃ។
98. បទបញ្ជារបស់ព្រះអង្គធ្វើឲ្យទូលបង្គំមានប្រាជ្ញាវាងវៃជាងខ្មាំងសត្រូវដ្បិតទូលបង្គំរិះគិតពីក្រឹត្យវិន័យនេះជានិច្ច។
99. ទូលបង្គំចេះដឹងជាងគ្រូៗទាំងប៉ុន្មានរបស់ទូលបង្គំទៅទៀត ដ្បិតទូលបង្គំយកដំបូន្មានទាំងប៉ុន្មាន មកសញ្ជឹងគិត។
100. ទូលបង្គំដឹងខុសត្រូវជាងចាស់ៗទៅទៀតដ្បិតទូលបង្គំប្រព្រឹត្តតាមព្រះឱវាទរបស់ព្រះអង្គ។
101. ទូលបង្គំចៀសចេញឆ្ងាយពីផ្លូវអាក្រក់ទាំងប៉ុន្មានដើម្បីប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។
102. ទូលបង្គំមិនងាកចេញពីវិន័យដែលព្រះអង្គបង្គាប់មកទូលបង្គំឡើយដ្បិតព្រះអង្គប្រៀនប្រដៅទូលបង្គំដូច្នេះ។
103. ព្រះបន្ទូលរបស់ព្រះអង្គប្រៀបបាននឹងអាហារដ៏ឆ្ងាញ់ពិសេស សម្រាប់ទូលបង្គំហើយក៏មានរសជាតិផ្អែមជាងទឹកឃ្មុំទៅទៀត។