90. ព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គនៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅព្រះអង្គបានធ្វើឲ្យផែនដីរឹងមាំហើយផែនដីក៏នៅស្ថិតស្ថេរដែរ។
91. អ្វីៗសព្វសារពើនៅស្ថិតស្ថេររហូតមកដល់សព្វថ្ងៃដោយសារវិន័យរបស់ព្រះអង្គដ្បិតអ្វីៗទាំងអស់សុទ្ធតែនៅក្រោមអំណាចរបស់ព្រះអង្គ។
92. ប្រសិនបើទូលបង្គំមិនពេញចិត្តនឹងក្រឹត្យវិន័យរបស់ព្រះអង្គទេ ទូលបង្គំមុខជារងទុក្ខវេទនាហើយវិនាសអន្តរាយជាមិនខាន។
93. ទូលបង្គំនឹងមិនភ្លេចព្រះឱវាទរបស់ព្រះអង្គសោះឡើយដ្បិតព្រះអង្គធ្វើឲ្យទូលបង្គំមានជីវិតឡើងវិញដោយសារព្រះឱវាទទាំងនេះ។
94. ទូលបង្គំនៅក្រោមឱវាទរបស់ព្រះអង្គហើយសូមសង្គ្រោះទូលបង្គំផង!ដ្បិតទូលបង្គំយកចិត្តទុកដាក់នឹងព្រះឱវាទរបស់ព្រះអង្គ។
95. មនុស្សអាក្រក់រង់ចាំប្រហារជីវិតទូលបង្គំតែទូលបង្គំចាប់ចិត្តនឹងដំបូន្មានរបស់ព្រះអង្គ។
96. ទូលបង្គំឃើញថាសូម្បីអ្វីៗដ៏ល្អឥតខ្ចោះក៏នឹងមានទីបញ្ចប់ដែរប៉ុន្តែ បទបញ្ជារបស់ព្រះអង្គទូលំទូលាយឥតមានព្រំដែនសោះឡើយ។
97. ទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះអង្គខ្លាំងណាស់ទូលបង្គំសញ្ជឹងគិតអំពីក្រឹត្យវិន័យនេះជារៀងរាល់ថ្ងៃ។
98. បទបញ្ជារបស់ព្រះអង្គធ្វើឲ្យទូលបង្គំមានប្រាជ្ញាវាងវៃជាងខ្មាំងសត្រូវដ្បិតទូលបង្គំរិះគិតពីក្រឹត្យវិន័យនេះជានិច្ច។
99. ទូលបង្គំចេះដឹងជាងគ្រូៗទាំងប៉ុន្មានរបស់ទូលបង្គំទៅទៀត ដ្បិតទូលបង្គំយកដំបូន្មានទាំងប៉ុន្មាន មកសញ្ជឹងគិត។
100. ទូលបង្គំដឹងខុសត្រូវជាងចាស់ៗទៅទៀតដ្បិតទូលបង្គំប្រព្រឹត្តតាមព្រះឱវាទរបស់ព្រះអង្គ។