65. ឱព្រះអម្ចាស់អើយ សូមប្រណីសន្ដោសទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គតាមព្រះបន្ទូលរបស់ព្រះអង្គផង។
66. សូមបង្រៀនទូលបង្គំឲ្យដឹងខុសត្រូវ មានប្រាជ្ញាដ្បិតទូលបង្គំទុកចិត្តលើបទបញ្ជារបស់ព្រះអង្គ។
67. ពីមុនទូលបង្គំបានវង្វេង ហើយរងទុក្ខវេទនាឥឡូវនេះ ទូលបង្គំប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គហើយ។
68. ព្រះអង្គមានព្រះហឫទ័យល្អសប្បុរសសូមបង្រៀនឲ្យទូលបង្គំស្គាល់ច្បាប់របស់ព្រះអង្គ!
69. មនុស្សអួតបំប៉ោងនាំគ្នាបង្ខូចកេរ្តិ៍ឈ្មោះទូលបង្គំតែទូលបង្គំនៅតែយកចិត្តទុកដាក់ធ្វើតាមព្រះឱវាទរបស់ព្រះអង្គជានិច្ច។
70. អ្នកទាំងនោះជាមនុស្សអត់ចិត្តរីឯទូលបង្គំវិញ ទូលបង្គំពេញចិត្តនឹងក្រឹត្យវិន័យរបស់ព្រះអង្គណាស់។
71. ទូលបង្គំរងទុក្ខវេទនាដូច្នេះ ក៏ប្រពៃម្យ៉ាងដែរព្រោះទូលបង្គំអាចរៀនច្បាប់របស់ព្រះអង្គ។
72. ចំពោះទូលបង្គំ ទោះបីមាសប្រាក់ច្រើនយ៉ាងណាក៏ដោយក៏គ្មានតម្លៃស្មើនឹងក្រឹត្យវិន័យរបស់ព្រះអង្គដែរ។
73. ព្រះអង្គបានបង្កើតទូលបង្គំមកហើយប្រទានឲ្យទូលបង្គំបានមាំមួនឡើងដូច្នេះ សូមប្រទានឲ្យទូលបង្គំមានប្រាជ្ញាសិក្សាបទបញ្ជារបស់ព្រះអង្គ។
74. ពេលអស់អ្នកគោរពកោតខ្លាចព្រះអង្គឃើញទូលបង្គំ គេនឹងមានអំណរដ្បិតទូលបង្គំផ្ញើជីវិតលើព្រះបន្ទូលរបស់ព្រះអង្គ។
75. ឱព្រះអម្ចាស់អើយ ទូលបង្គំដឹងថាការអ្វីដែលព្រះអង្គសម្រេចសុទ្ធតែត្រឹមត្រូវទាំងអស់ហើយព្រះអង្គដាក់ទោសទូលបង្គំក៏ត្រឹមត្រូវដែរ។
76. សូមសម្រាលទុក្ខទូលបង្គំដោយសារព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ។
77. សូមសម្តែងព្រះហឫទ័យមេត្តាករុណាមកលើទូលបង្គំ ដើម្បីឲ្យទូលបង្គំមានជីវិតឡើងវិញដ្បិតទូលបង្គំពេញចិត្តនឹងក្រឹត្យវិន័យរបស់ព្រះអង្គណាស់។
78. សូមឲ្យមនុស្សអួតបំប៉ោងត្រូវអាម៉ាស់ដ្បិតពួកគេនិយាយកុហកមួលបង្កាច់ទូលបង្គំរីឯទូលបង្គំវិញទូលបង្គំសញ្ជឹងគិតពីព្រះឱវាទរបស់ព្រះអង្គ។
79. សូមឲ្យអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ នាំគ្នាមករកទូលបង្គំដើម្បីឲ្យបានស្គាល់ដំបូន្មានរបស់ព្រះអង្គ។
80. សូមជួយឲ្យទូលបង្គំប្រព្រឹត្តតាមច្បាប់របស់ព្រះអង្គឥតខ្ចោះកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ។
81. ទូលបង្គំទន្ទឹងរង់ចាំមើលព្រះអង្គសង្គ្រោះទូលបង្គំទូលបង្គំរង់ចាំព្រះអង្គមានព្រះបន្ទូល។
82. ទូលបង្គំខំប្រឹងរង់ចាំមើលព្រះបន្ទូលសន្យារបស់ព្រះអង្គ ទូលបង្គំពោលថា «តើដល់ពេលណាទើបព្រះអង្គសម្រាលទុក្ខទូលបង្គំ?»។