52. ព្រះអម្ចាស់អើយ ទូលបង្គំនឹកដល់វិន័យរបស់ព្រះអង្គ កាលពីអតីតកាលហើយចិត្តទូលបង្គំក៏បានធូរស្បើយ។
53. មនុស្សពាលបានធ្វើឲ្យទូលបង្គំក្ដៅក្រហាយយ៉ាងខ្លាំងព្រោះពួកគេបោះបង់ចោលក្រឹត្យវិន័យរបស់ព្រះអង្គ។
54. ពេលដែលទូលបង្គំស្នាក់អាស្រ័យជាបណ្តោះអាសន្នក្នុងលោកនេះទូលបង្គំបានយកច្បាប់របស់ព្រះអង្គមកធ្វើជាទំនុកតម្កើង។
55. ឱព្រះអម្ចាស់អើយ នៅពេលយប់ទូលបង្គំនឹកដល់ព្រះនាមរបស់ព្រះអង្គ ហើយទូលបង្គំប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះអង្គ។
56. ទូលបង្គំរកឃើញសុភមង្គលដោយអនុវត្តតាមព្រះឱវាទរបស់ព្រះអង្គ។
57. ឱព្រះអម្ចាស់អើយ ទូលបង្គំសូមទូលព្រះអង្គថាការប្រតិបត្តិតាមព្រះបន្ទូលព្រះអង្គជាចំណែកមត៌ករបស់ទូលបង្គំ។
58. ទូលបង្គំសូមអង្វរករព្រះអង្គយ៉ាងអស់ពីចិត្តថាសូមប្រណីសន្ដោសទូលបង្គំតាមព្រះបន្ទូលសន្យារបស់ព្រះអង្គផង!
59. ទូលបង្គំរិះគិតអំពីកិរិយាមារយាទរបស់ទូលបង្គំហើយទូលបង្គំក៏បោះជំហានមករកដំបូន្មានរបស់ព្រះអង្គវិញ។
60. ទូលបង្គំប្រញាប់ប្រញាល់ប្រតិបត្តិតាមបទបញ្ជារបស់ព្រះអង្គឥតធ្វេសប្រហែសសោះឡើយ។
61. មនុស្សអាក្រក់បានធ្វើឲ្យទូលបង្គំជាប់អន្ទាក់របស់គេតែទូលបង្គំឥតភ្លេចក្រឹត្យវិន័យរបស់ព្រះអង្គទេ។
62. នៅពាក់កណ្ដាលអធ្រាត្រ ទូលបង្គំក្រោកឡើងដើម្បីលើកតម្កើងព្រះអង្គព្រោះតែវិន័យដ៏ត្រឹមត្រូវរបស់ព្រះអង្គ។
63. ទូលបង្គំជាមិត្តរបស់អស់អ្នកដែលគោរពកោតខ្លាចព្រះអង្គនិងអស់អ្នកដែលប្រតិបត្តិតាមព្រះឱវាទរបស់ព្រះអង្គ។
64. ឱព្រះអម្ចាស់អើយ ផែនដីពេញទៅដោយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គសូមបង្រៀនឲ្យទូលបង្គំស្គាល់ច្បាប់របស់ព្រះអង្គ!
65. ឱព្រះអម្ចាស់អើយ សូមប្រណីសន្ដោសទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គតាមព្រះបន្ទូលរបស់ព្រះអង្គផង។