26. ទូលបង្គំរៀបរាប់អំពីដំណើរជីវិតរបស់ទូលបង្គំហើយព្រះអង្គក៏ឆ្លើយតបមកទូលបង្គំសូមបង្រៀនឲ្យទូលបង្គំស្គាល់ច្បាប់របស់ព្រះអង្គ!។
27. សូមជួយទូលបង្គំឲ្យយល់អំពីអត្ថន័យនៃព្រះឱវាទរបស់ព្រះអង្គដើម្បីឲ្យទូលបង្គំអាចសញ្ជឹងគិតពីការអស្ចារ្យទាំងប៉ុន្មានដែលព្រះអង្គបានសម្តែង!។
28. ទូលបង្គំមានទុក្ខសោកសង្រេងសូមលើកទឹកចិត្តទូលបង្គំឡើងវិញដូចព្រះអង្គបានសន្យា។
29. សូមនាំទូលបង្គំចេញឆ្ងាយពីផ្លូវខុសឆ្គងហើយជួយឲ្យទូលបង្គំប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះអង្គ!
30. ទូលបង្គំប្ដេជ្ញាចិត្តស្មោះត្រង់នឹងព្រះអង្គទូលបង្គំសុខចិត្តធ្វើតាមវិន័យដែលព្រះអង្គបង្គាប់មក។
31. ទូលបង្គំជំពាក់ចិត្តនឹងដំបូន្មានរបស់ព្រះអង្គ ព្រះអម្ចាស់អើយសូមកុំឲ្យទូលបង្គំត្រូវអាម៉ាស់ឡើយ!
32. ទូលបង្គំសប្បាយចិត្តនឹងដើរតាមបទបញ្ជានៃបញ្ញត្តិរបស់ព្រះអង្គដ្បិតព្រះអង្គធ្វើឲ្យចិត្តទូលបង្គំបានភ្លឺស្វាង។
33. ព្រះអម្ចាស់អើយ សូមបង្រៀនឲ្យទូលបង្គំស្គាល់ច្បាប់របស់ព្រះអង្គដើម្បីឲ្យទូលបង្គំកាន់តាមរហូតដល់ទីបញ្ចប់!។
34. សូមប្រទានឲ្យទូលបង្គំមានប្រាជ្ញាដើម្បីរក្សាក្រឹត្យវិន័យរបស់ព្រះអង្គហើយប្រតិបត្តិតាមយ៉ាងអស់ពីចិត្ត!។
35. សូមនាំទូលបង្គំដើរតាមមាគ៌ានៃបទបញ្ជារបស់ព្រះអង្គដ្បិតទូលបង្គំពេញចិត្តនឹងបទបញ្ជាទាំងនេះណាស់។
36. សូមទាក់ទាញចិត្តទូលបង្គំឲ្យធ្វើតាមដំបូន្មានរបស់ព្រះអង្គគឺមិនមែនឲ្យរកកំរៃឡើយ!
37. សូមទាញអារម្មណ៍ទូលបង្គំឲ្យបែរចេញពីអ្វីៗដែលឥតខ្លឹមសារហើយឲ្យទូលបង្គំមានជីវិតរស់នៅតាមមាគ៌ារបស់ព្រះអង្គ!
38. សូមសម្រេចតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គគឺព្រះបន្ទូលដែលព្រះអង្គបានសន្យាចំពោះអស់អ្នកគោរពកោតខ្លាចព្រះអង្គ។
39. សូមយកសេចក្ដីអាម៉ាស់ដែលទូលបង្គំខ្លាចរអែងនេះ ចេញឲ្យឆ្ងាយពីទូលបង្គំទៅដ្បិតវិន័យរបស់ព្រះអង្គសុទ្ធតែល្អទាំងអស់។
40. ទូលបង្គំប្រាថ្នាចង់ធ្វើតាមព្រះឱវាទរបស់ព្រះអង្គសូមប្រទានឲ្យទូលបង្គំមានជីវិតឡើងវិញដោយសេចក្ដីសុចរិតរបស់ព្រះអង្គ!
41. ព្រះអម្ចាស់អើយ សូមសម្តែងព្រះហឫទ័យមេត្តាករុណាចំពោះទូលបង្គំ សូមសង្គ្រោះទូលបង្គំតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ!
42. សូមជួយឲ្យទូលបង្គំអាចឆ្លើយតបនឹងអ្នកដែលជេរប្រមាថទូលបង្គំដ្បិតទូលបង្គំផ្ញើជីវិតលើព្រះបន្ទូលរបស់ព្រះអង្គ។
43. សូមកុំឲ្យទូលបង្គំនិយាយអ្វីប្រាសចាកពីសេចក្ដីពិតឡើយដ្បិតទូលបង្គំសង្ឃឹមលើវិន័យរបស់ព្រះអង្គ។